ភ្នំពេញ ៖ នារីជាពលការិនីខ្មែរ-ឥស្លាម បម្រើការងារនៅតាមផ្ទះចំនួន២នាក់ ត្រូវបានជួយសង្គ្រោះវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានលោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះ ក្រោយពីនារីរងគ្រោះទាំង២នាក់បានចាញ់បោកមេខ្យល់ ដែលបានបញ្ជូនពួកនាងឱ្យទៅបម្រើការងារនៅតាម ផ្ទះដោយខុសច្បាប់នៅប្រទេស អារ៉ាប់ប៊ីសាអូឌីន អស់រយៈពេលជាង២ឆ្នាំ ដោយមិនបានប្រាក់កម្រៃអ្វីទាំងអស់។

នារីរងគ្រោះទាំង២នាក់ ទី១-ឈ្មោះតាំ ហ្វាត់ទ្រី អាយុ២២ឆ្នាំ រស់នៅភូមិមេម៉ាយ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី២-ឈ្មោះឆាយ ផៃ អាយុ២៦ឆ្នាំ រស់នៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នារីរងគ្រោះឈ្មោះ តាំង ហ្វាត់ទី បានរៀបរាប់ប្រាប់ថា នាងបានចាញ់បោកមេខ្យល់ម្នាក់ ដោយបានមកបបួលឱ្យនាងទៅធ្វើការងារនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត គឺធ្វើការងារនៅតាមផ្ទះ ដោយទទួលបានប្រាក់ខែខ្ពស់ លុះពេលទៅដល់ធ្វើការងារតាមផ្ទះ គេបានប្រើកម្លាំងពលកម្មរបស់នាងរហូត ដោយមិនឃើញឱ្យប្រាក់ខែសោះ អស់រយៈពេលជាងពីរឆ្នាំមកនេះ និងថែមទាំងបានដកប៉ាស្ព័របស់នាងទៀត។ ដោយសារតែមូលហេតុនេះហើយ ទើបនាងសម្រេចចិត្តរត់ទៅប្តឹងស្ថានទូត និងដឹងដល់លោកឧកញ៉ា អូស្មាន ហាស្សាន់ ទើបលោកបានទំនាក់ទំនងទៅស្ថានទូត ឱ្យជួយអន្តរាគមន៍ រហូតបានត្រឡប់មកមាតុប្រទេសវិញ នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។

សូមបញ្ជាក់ថា នេះគឺជាលើកទី៦ហើយ ដែលលោកឧកញ៉ា អូស្មាន ហាស្សាន់ បានជួយដោះស្រាយពលការិនីខ្មែរ ដែលចាញ់បោកមេខ្យល់ ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ៕







