ខេត្តបន្ទាយមានជ័យ៖ ករណីពុលចំណីអាហារនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិចារលើ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។

ប្រជាពលរដ្ឋទាំង១១នាក់ដែលសង្ស័យថាពុលនំបញ្ចុក និងបាញ់ស៊ុង រួមមាន ទី១-ឈ្មោះព្រឿម លេខ ភេទស្រី អាយុ៥៩ឆ្នាំ ទី២-ឈ្មោះលឿ មឿន ភេទប្រុស អាយុ៤៨ឆ្នាំ ទី៣-ឈ្មោះភឿន តុលា ភេទប្រុស អាយុ១១ឆ្នាំ ទី៤-ឈ្មោះសូត្រ ចាន់រ៉ា ភេទស្រី អាយុ៨ឆ្នាំ ទី៥-ឈ្មោះទាំ ចាន់រះ ភេទស្រី អាយុ៨ឆ្នាំ ទី៦-ឈ្មោះវេត សាគិត ភេទស្រី អាយុ២៣ឆ្នាំ ទី៧-ឈ្មោះវេ ចិន ភេទស្រី អាយុ៤ឆ្នាំ ទី៨-ឈ្មោះភ្លី លក ភេទស្រី អាយុ៣ឆ្នាំ ទី៩-ឈ្មោះភ្លី នុត ភេទស្រី អាយុ១៥ឆ្នាំ ទី១០-ឈ្មោះភ្លី ជូអ៊ីង ភេទស្រី អាយុ៤ឆ្នាំ និងទី១១-ឈ្មោះឡង សួង ភេទស្រី អាយុ៥៤ឆ្នាំ។ ប្រជាពលរដ្ឋទាំង១១នាក់ខាងលី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅទិញនំបញ្ចុក និងបាញ់ស៊ុង ដែលមានបន្លែសណ្តែកគួរ សណ្តែកបណ្តុះ និងផ្លែល្ហុង ដែលមានអ្នកលក់ឈ្មោះយី ប៉ាក ភេទស្រី អាយុ៤៣ឆ្នាំរស់នៅភូមិចារលើ ហើយជាទម្លាប់ គាត់ទិញហូបជារៀងរាល់ថ្ងៃ មិនដែលមានបញ្ហាទេ។ ស្រាប់តែមកដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីហូបរួច នៅវេលាម៉ោងប្រហែលជា១២ថ្ងៃត្រង់ ពួកគាត់ក៏កើតមានអាការវិលមុខ ក្អួតចង្អោរ ហើយត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមប្រភពពីក្រុមគ្រូពេទ្យ បានឱ្យដងថា ប្រជាពលរដ្ឋទាំងនោះពុំមានអាការធ្ងន់ធ្ងរទេ ប៉ុន្តែពេលនេះ គ្រូពេទ្យមិនទាន់ឱ្យចេញទៅផ្ទះនៅឡើយ ព្រោះនៅតាមដាន មើលពីស្ថានភាពជំងឺសិន។ យ៉ាងណាក្តី ក្នុងហេតុការណ៍ពុលនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៃការពុលនៅឡើយទេ។
តាមការអះអាងរបស់ស្ត្រីអ្នកលក់ បានឱ្យដឹងថា គាត់តែងលក់នំបញ្ចុក និងបាញ់ស៊ុង ជារៀងរាល់ថ្ងៃ មិនដែលមានបញ្ហាអ្វីនោះឡើយ ទើបតែលើកនេះ បែរជាមានអ្នកពុលទៅវិញ។

ជាមួយគ្នានោះដែរ លោកអធិការនគរបាលស្រុកព្រះនេត្រព្រះ បានណែនាំដល់អ្នកលក់នំបញ្ចុក ក៏ដូចជាបាញ់ស៊ុងទាំងអស់ ត្រូវលាងបន្លែឱ្យស្អាត និងមានអនាម័យខ្ពស់ ចៀសវាងប៉ះពាល់ដល់សុខភាពអ្នកទទួលទាន៕