ខេត្តកំពង់ធំ៖ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចកំពង់ទឹកស្ទឹងជីនិត មុខផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះដែលត្រូវបុរសចំណាស់ម្នាក់បោះដុំថ្មចំក្បាល បណ្តាលឱ្យប្រកាច់ស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះសាយ បញ្ញា អាយុ៩ឆ្នាំ រស់ក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក។ ចំណែកជនសង្ស័យមានឈ្មោះញឹក វង់ អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសចំណាស់ឈ្មោះញឹក វង់ បានបោះដុំថ្មចុះទៅមាត់កំពង់ ទឹកមុខផ្ទះរបស់ខ្លួន ដោយខ្វះការប្រុងប្រយ័ត្ន មិនបានមើលឱ្យបានច្បាស់លាស់ ថានៅខាងក្រោមនោះ មានមនុស្សឬក៏អត់ ជាហេតុធ្វើឱ្យដុំថ្មបានត្រូវចំក្បាលរបស់ក្មេងប្រុសរងគ្រោះ ដែលកំពុងចុះទៅលើនៅចំណុចកើតហេតុ បណ្តាលឱ្យបែកក្បាលយ៉ាងធំ ហូរឈាមស្រោចខ្លួន និងប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែងគួរឱ្យរន្ធត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខេត្ត និងស្រុកបានទៅពិនិត្យកន្លែងកើតហេតុ និងពិនិត្យសាកសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារបែកក្បាលប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

រហូតមកដល់វេលាម៉ោង៧និង៥៤នាទីយប់ ថ្ងៃដដែល សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនបុរសឈ្មោះញឹក វង់ តាមបញ្ជាលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងបញ្ជូនបុរសរូបនោះទៅសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមនីតិវិធី ដើម្បីផ្តល់យុត្តិធម៌ឱ្យក្រុមគ្រួសារសពក្មេងប្រុសរងគ្រោះ៕