Monday, July 21, 2025
Homeព័ត៌មានជាតិសង្វេគបំផុត!!! គូដណ្តឹងឱបសពកណ្តាលផ្លូវ ស្រែកយំហៅព្រលឹងនារីគូស្នេហ៍ត្រឡប់វិញ

សង្វេគបំផុត!!! គូដណ្តឹងឱបសពកណ្តាលផ្លូវ ស្រែកយំហៅព្រលឹងនារីគូស្នេហ៍ត្រឡប់វិញ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

នារីរងគ្រោះមានឈ្មោះកង ភារម្យ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ ចំណែកយុវជនដែលជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូនារីរងគ្រោះ មានឈ្មោះផាន សាវនា អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនផលិតគ្រឿងអគ្គិសនី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីលែត ពណ៌ប្រផេះ គ្មានពាក់ស្លាកលេខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរិងគ្រោះខាងលើ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1T-3318 ធ្វើដំណើរចេញពីបន្ទប់ជួលម្តុំចំការព្រីង ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅធ្វើការនៅរោងចក្រម្តុំទំនប់កប់ស្រូវ លុះដល់ចំណុចកើតហេតុខាងលើ នារីរងគ្រោះ បានព្យាយាមបន្ថែមល្បឿន វ៉ាជែងរថយន្តក្រុង១គ្រឿង តែវ៉ាមិនផុត បណ្តាលឱ្យទាក់ដៃចង្កូតជាមួយម៉ូតូស៊ុយស៊ូគីលែត ខាងលើ បណ្តាលឱ្យម៉ូតូ ទាំង២គ្រឿងដួលបោកទៅលើផ្លូវដូចគ្នា ប៉ុន្តែម៉ូតូនារីរងគ្រោះ បានដួលបោកចូលទ្រូងផ្លូវ រួចក៏ត្រូវរថយន្តក្រុង១គ្រឿង មិនចាំម៉ាក និងស្លាកលេខ បើកមកពីក្រោយ ជ្រុលមកកិនចំក្បាលនារីរងគ្រោះ បណ្តាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។ ចំណែករថយន្តក្រុង បានបន្ថែមល្បឿន គេចបាត់ស្រមោលភ្លាមៗ។

ចំណែកយុវជនឈ្មោះផាន សាវនា ដែលជាអ្នកជិះម៉ូតូស៊ុយស៊ូគីលែត បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុរូបគេជិះម៉ូតូ ក្នុងទិស ដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញនារីរងគ្រោះ បានជិះម៉ូតូហុងដាឌ្រីម ក្នុងទិសដៅពីកើតមកលិច បញ្ច្រាសទិសគ្នា បានវ៉ាជែងរថយន្តក្រុង១គ្រឿង រួចក៏មកទាក់ដៃចង្កូតជាមួយខ្លួន ធ្វើឱ្យខ្លួនបោកដួលទៅលើចិញ្ចើមផ្លូវគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ចំណែក នារីរងគ្រោះបានខ្ទាតចូលកណ្តាលផ្លូវក៏ត្រូវរថយន្តក្រុងកិនស្លាប់តែម្តង។

ក្រោយកើតហេតុ គេឃើញសាច់ញាតិ នារីរងគ្រោះបានធ្វើដំណើរមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានបញ្ជាក់ប្រាប់ថា នារីរងគ្រោះ មានគូដណ្តឹងរួចទៅហើយ និងកំពុងត្រៀមខ្លួនចូលរោងការនៅពេលខាងមុខ ស្រាប់តែអកុសល បែរជាមកជួបគ្រោះអកុសល ត្រូវរថយន្តកិនស្លាប់ ខណៈដែលនាងទើបនឹងជិះម៉ូតូចេញពីបន្ទប់ជួលសំដៅទៅកន្លែងធ្វើការ។

បន្ទាប់មក គេឃើញយុវជនម្នាក់ ដែលត្រូវជាគូដណ្តឹងរបស់នារីរងគ្រោះ បានមកដល់កន្លែងកើតហេតុ លុះបានឃើញនារីជាគូដណ្តឹងរបស់ខ្លួន ដេកស្លាប់ស្តូកស្តឹងនៅកណ្តាលទ្រូងផ្លូវបែបនេះ បានកើតមានអារម្មណ៍តក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង និងបានស្ទុះចូលទៅត្រកងសពនារីជាគូដណ្តឹង ឱបជាប់ដើមទ្រូង និងស្រែកទ្រហោយំបោកខ្លួនគួរឱ្យសង្វេគ ធ្វើឱ្យអ្នកដែលចោមរោមមើលខ្លះស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៀតផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលជំនាញចរាចរណ៍ក្រុង បានចុះមកវាស់វែងនៅកន្លែង កើតហេតុ រួចអូសយម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការ ដោះស្រាយតាមនីតិវិធី។

ដោយឡែកសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តពោធិ៍សាត់ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES