ខេត្តកំពង់ឆ្នាំង ៖ ករណីអំពើហិង្សាមួយ ដោយបុរសជើងខ្លាំងម្នាក់ ដែលល្បីល្បាញប្រចាំតំបន់ភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស និងបាននាំបក្ខពួក ធ្វើសកម្មភាព បាញ់គំរាម ព្រមទាំងវាយដំទៅលើប្រជាពលរដ្ឋស្លូតត្រង់ចំនួន២នាក់ បណ្តាលឱ្យបាក់ដៃរងរបួសធ្ងន់ រួចក៏រត់គេចខ្លួនបាត់ស្រមោល និងកំពុងត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួននាំយកមកចាត់ការតាមច្បាប បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២០ ខែកុម្ភុៈ ឆ្នាំ២០១៩ នៅចំណុច ភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។

ជនសង្ស័យដែលជាជើងខ្លាំងប្រចាំតំបន់ តែងបង្កហិង្សាដាក់ប្រជាពលរដ្ឋ និងគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះ មានឈ្មោះណុង ណាក់។

ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះវ៉ាត សុវណ្ណ អាយុ៣០ឆ្នាំ និងទី២-ឈ្មោះវ៉ាត សុជាតិ អាយុ៣២ឆ្នាំ អ្នកទាំង២ ជាបងប្អូនបង្កើតនឹងគ្នា និងមានលំនៅឯខេត្តកណ្តាល មានមុខរបរស៊ីឈ្នួលចាំចម្ការឱ្យគេនៅចំណុចកើតហេតុខាងលើ បច្ចុប្បន្នជនរងគ្រោះត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងភ្នំពេញ។

ក្រោយពេលកើតហេតុ លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងនឹងកំលាំងំកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចុះទៅកន្លែង កើតហេតុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះណុង វណ្ណាត ហៅក្រឹម ត្រូវជាប្អូនប្រុសបង្កើតរបស់ឈ្មោះណុង ណាក់ មកធ្វើការសាកសួរ ចំណែកឈ្មោះណុង ណាក់ បានរត់គេចខ្លួនបាត់ទៅហើយ។

ឈ្មោះណុង វណ្ណាត ហៅក្រឹម ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវចាប់មុខសញ្ញា មេក្លោង នឹងបក្ខពួកប្រព្រឹត្ត បទល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕



