ខេត្តកំពង់ចាម ៖ បុរសម្នាក់បានគិតខ្លីចងកសម្លាប់ខ្លួនឯង បន្ទាប់ពីដេកឱបប្រពន្ធពេញ១យប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ។ ជនរងគ្រោះមានឈ្មោះកាន់ ភ័ណ្ឌ អាយុ៣៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះសន ស៊្រីម។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង (ជនរងគ្រោះ) បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ តែយូរៗទើបធ្វើទុក្ខម្តង។ នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ប្តីប្រពន្ធគាត់ បានចូលដេកក្នុងមុងជាមួយគ្នាដូចសព្វ ដង ដោយមិនមានបញ្ហាអ្វីនោះទេ ចំណែកនាងក៏មិនបានចាប់អារម្មណ៍អ្វី ឬនឹកស្មានដល់ថា ប្តីរបស់នាងអាចនឹងមានគំនិតខ្លីដល់ម្លឹងសោះ។ ស្រាប់តែ មកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈដែលនាងភ្ញាក់ពីដំណេក ក៏ស្រាប់តែប្រទះឃើញប្តីចងកសម្លាប់ខ្លួន នៅត្រង់សំយ៉ាបខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ផ្អើលអ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
លោកប្រាក់ សុគណ អធិការនគរបាលស្រុកជើងព្រៃ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត័មានខាងលើនេះភ្លាម លោកបានដឹកនាំ កំលាំងជំនាញ ចុះទៅដល់ទីកន្លែងកើតហេតុ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ បង្កើតគណកម្មាការពិនិត្យសាកសពឃើញថា នៅត្រង់ចំណុចបំពង់ក ផ្នែកខាងមុខសព មានស្នាមទ្រុឌជាំខ្មៅរាងអក្សរអ៊ុយ (U) ប្រវែង១៧សង់ទីម៉ែត្រ ពីចុងក្រោមត្រចៀកស្តាំរហូតដល់ ចុងក្រោមត្រចៀកឆ្វេង។ ចំណែកផ្នែកដងខ្លួន និងអវៈយវៈ គ្មានស្លាកស្នាមអ្វីទាងអស់។

លោកអធិការបានបន្តថា ផ្អែកតាមការពិនិត្យលើសាកសព និងផ្អែកតាមការបំភ្លឺរបស់សាក្សី សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយបានយកខ្សែលីឡុងពណ៌ខ្មៅទំហំ៣លី ប្រវែង២,៥៤ម៉ែត្រ បត់ជាពីរ ចងកនៅសំយ៉ាបខាងក្រោយលើផ្ទះ បណ្តាលឱ្យស្លាប់ ។
សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕