ភ្នំពេញ ៖ បន្ទាប់ពីពិនិត្យនិងធ្វើតេស្តទៅលើយុវជន យុវនារីជាង៣០០នាក់ ដែលត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលរ៉ុក កាលពីយប់មិញនេះ ជាលទ្ធផល ភាគច្រើនគឺមានផ្ទុកសារធាតុញៀនក្នុងខ្លួន ហលយថ្នាំញៀនដែលដកហូតបានមិនក្រោម៥០គីឡូក្រាមនោះទេ។

លោកស ថេត បានបង្ហោះសារមុននេះថា “ឯកឧត្តមស្នងការ បានធ្វើការបញ្ជាក់ថា ការធ្វើតេស្តទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជន យុវនារី ជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើនសុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទកាសែត នឹងធ្វើនៅពេលការងារបញ្ចប់ ចំពោះគ្រឿងញៀនគ្រប់ប្រភេទដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ”។

គួរបញ្ជាក់ថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ឆ្មក់បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនមនុស្សប្រុសស្រី សរុបជាង៣០០នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាច្រើនប្រភេទ នៅក្នុងក្លឹបកម្សាន្តរ៉ុក (Rock) នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការឆ្មក់បង្ក្រាបករណីគ្រឿងញៀនទាំងកណ្តាលរាត្រីខាងលើនេះ មានការសម្រប សម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកម្រិតធ្ងន់ កម្លាំងនគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៀតផង។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា មនុស្សដែលត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នសរុប មានចំនួន៣១២នាក់ ដែលជាបុគ្គលិក និងអ្នកពាក់ព័ន្ធនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងខណ្ឌចំការមន៕













