ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ សត្វដំរីព្រៃញី១ក្បាលធំ ត្រូវបានក្រុមមន្ត្រីជំនាញ ប្រទះឃើញដេកងាប់គួរឱ្យសង្វេគ នៅចំណុចក្បែរចម្ការស្វាយចន្ទី របស់អ្នកភូមិមួយកន្លែង នៅត្រង់ចំណុចដែនជម្រកការពារសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិស្រែល្វី ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ហើយបើតាមការសន្និដ្ឋាន ដំរី១ក្បាលនេះ បានងាប់អស់រយៈពេលជិត១០ថ្ងៃមកហើយ។ ដំរីញីនេះ មានកម្ពស់២,៧០ម៉ែត្រ ប្រវែង៤,៥០ម៉ែត្រ និងទទឹង១,៥០ម៉ែត្រ។

លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា ក្រុមការងារជំនាញរបស់ដែនជម្រកសត្វព្រៃកែវសីមា ទើបនឹងប្រទះឃើញសាកសពដំរីខាងលើ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ និងបានពិនិត្យឃើញថា ដំរីញីដ៏ធំនេះ បានងាប់អស់រយៈពេល១០ថ្ងៃមកហើយ ហើយពេលនេះ ក្រុមមន្ត្រីជំនាញកំពុងដុតដៃដុតជើង ដើម្បីធ្វើការស្រាវជ្រាវអំពីមូលហេតុ សត្វដំរីញីមួយក្បាល ដែលបានដេកងាប់នេះ។

ដោយឡែក តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់ចម្ការស្វាយចន្ទីរ បានឱ្យដឹងថា ចម្ការរបស់គាត់ បានម៉ៅឱ្យទៅគេអស់ហើយ ក្នុងរដូវកាលប្រមូលផលស្វាយចន្ទី។ កន្លងមក សត្វដំរីព្រៃ តែងតែចូលមកក្នុងចំការស្វាយចន្ទី ហើយស៊ីផ្លែចន្ទី នៅរាល់រដូវប្រមូលផល។

យោងតាមរបាយការរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃទូទាំងខេត្ត មានសត្វដំរីប្រមាណជាង២០០ក្បាល ដែលចំនួននេះមន្ត្រីជំនាញនៅបន្តតាមដាន ដើម្បីដឹងថា កើនឡើង ឬថយចុះពីវត្តមានរបស់ពួកវានៅក្នុងព្រៃ៕