ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ អត់មានការងារធ្វើ ក៏បែកគំនិត កោរសក់ស្លៀកស្បង់បន្លំខ្លួនជាសង្ឃ ដើររ៉ៃអង្គាសប្រាក់ និងបិណ្ឌបាត នៅតាមបណ្តាទីប្រជុំជននានា ដើម្បីយកលុយមកចាយវាយដេកស៊ីក្នុងផ្ទះសំណាក់ យ៉ាងរំភើយ លុះប្រជាពលរដ្ឋមានការសង្ស័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួន នាំយកទៅសាកសួរ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិរំលេច ឃុំព្រះស្រែ ស្រុកឧដុង្គ។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យជាសង្ឃក្លែងក្លាយខាងលើ បានដើរបិណ្ឌបាត ស្នើសុំឱ្យញាតិញោមបន្តជួយឧបត្ថម្ភបន្ថែមទៀតនូវទ័យវត្ថុ បច្ច័យ ដូចជា សៀវភៅធម៌ កង្ហា តុសម្រាប់រៀបចំម្ហូបអាហារប្រគេនព្រះសង្ឃ ថ្លៃគំនូររបងវិហារ ជាដើម។ លុះមានការសង្ស័យ ទើបប្រជាពលរដ្ឋសម្រេច រាយការណ៍ប្រាប់សមត្ថកិច្ច រួមជាមួយព្រះចៅអធិការវត្តមុន្នីសុខារាម និងគណៈកម្មការអាចារ្យវត្ត ការិយាល័យធម្មការស្រុកឧដុង្គ បានចុះទៅនិមន្ត និងសួរនាំរកឯកសារពាក់ព័ន្ធ និងទីវត្តអារាមគង់ ទើបដឹងថា ជនរូបនោះ គឺជាសង្ឃក្លែងក្លាយ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនធ្លាប់បួសជាសង្ឃនៅក្នុងអំឡុងឆ្នាំ២០០៧ នៅឆ្នាំ២០០៨ បានទៅគង់ នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ លុះក្រោយមក ដោយសារតែខ្លួនលួចដើរលេងយប់ ធ្វើឱ្យដឹងដល់ចៅអធិការបានចាប់ផ្សឹក បណ្តេញចេញពីវត្ត និងគ្មានគោលដៅចេះតែរស់បន្តអាជីពជាសង្ឃក្លែងក្លាយ ដោយក្នុងមួយថ្ងៃ ខ្លួនអាចរកប្រាក់បានពីចន្លោះ៨ម៉ឺនរៀល ទៅ១២ម៉ឺនរៀល បានសម្ភារ មួយចំនួនតាមជាក់ស្តែង ដោយទូរទាត់ថ្លៃសាំងម៉ូតូ អ្នកដឹកជញ្ជូន និងថ្លៃជួលផ្ទះសំណាក់ដេកថែមទៀត។
ជនសង្ស័យបន្តសារភាពថា កន្លងមករូបគេធ្លាប់ប្រព្រឹត្តអំពើដូចនេះនិងត្រូវតុលាការខេត្តកណ្តាល ធ្វើការឃុំខ្លួននៅពន្ធនាគារខេត្ត។ លុះក្រោយរួចទោស ត្រូវដោះលែងមកវិញ ក៏បន្តមុខរបរនេះទៀត។

បច្ចុប្បន្នសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលារដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕