ភ្នំពេញ ៖ យុវជន៣នាក់បានជិះម៉ូតូ១គ្រឿងម៉ាក Zoomer-X ពណ៌សលាយក្រហម ពាក់ស្លាកលេខត្បូងឃ្មុំ 1E -1911 បំណងទៅជួបស្រីស្នេហ៍ ដែលបានស្គាល់គ្នាតាមឆាតហ្វេសប៊ុក ដោយមិនដឹងថា ខាងស្រីមានសង្សាររួចទៅហើយ ឬក៏អត់នោះទេ លុះក្រោយពេលណាត់ជួបមុខគ្នា ក៏ខំជិះម៉ូតូស្កាត់ទៅជួប ដឹងអី! ពេលបានជួបមុខសាសងសម្តីទើបនឹងបាន២-៣ម៉ាត់ ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុម ព្រួតគ្នាដេញវ៉ៃ ធ្វើឱ្យក្រុមយុវជនរងគ្រោះភ័យស្លន់ស្លោ នាំគ្នារត់គេចខ្លួនចោលម៉ូតូ។

ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខខ្លោងទ្វារវត្ត សុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ក្រុមយុវជនរងគ្រោះខាងលើ សុំមិនបង្ហាញអត្តសញ្ញាណនោះឡើយ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅលោកមេភូមិ និងត្រូវលោកមេភូមិជួយរាយការណ៍បន្តទៅកម្លាំងជំនាញ ចុះជួយអន្តរាគមន៍ ធ្វើឱ្យក្រុមជនបង្កភ័យ ក៏នាំគ្នារត់គេចខ្លួនបាត់អស់ ទើបសមត្ថកិច្ចនាំយកម៉ូតូរបស់ជនរងគ្រោះ មកប្រគល់ឱ្យជនរងគ្រោះវិញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើមិនបានដាក់ពាក្យបណ្តឹងនោះឡើយ ហើយបានត្រឡប់ទៅផ្ទះវិញបាត់ទៅ៕
