Friday, November 14, 2025
Homeព័ត៌មានជាតិកូនៗភ័យញ័រខ្លួនទទ្រើត ឱបសពម្តាយ... ក្រោយឪទាញចបវាយសម្លាប់

កូនៗភ័យញ័រខ្លួនទទ្រើត ឱបសពម្តាយ… ក្រោយឪទាញចបវាយសម្លាប់

ខេត្តព្រះវិហារ ៖ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ត្រីម្នាក់ ត្រូវបុរសជាប្តីបានទាញចបជីកវាយសំពងពីក្រោយ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ខណៈជនរងគ្រោះកំពុងអង្គុយជីកឬសឈើធ្វើថ្នាំ ធ្វើឱ្យកូនតូចៗរបស់ជនរងគ្រោះចំនួន២នាក់ ប្រទះឃើញហេតុការណ៍ឪពុកវាយសម្លាប់ម្តាយផ្ទាល់ ភ្នែកភ័យញ័រខ្លួន ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចយាយអៅ ចម្ងាយពីភូមិកេរ្តិ៍ ប្រមាណជិត១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំរតនៈ ស្រុករវៀង។

ស្ត្រីរងគ្រោះមានឈ្មោះសៀប ម៉ៅ អាយុ៣០ឆ្នាំ មុខរបរជីកឬសឈើធ្វើថ្នាំលក់។ ចំណែកជនដៃដល់ជាប្តី មានឈ្មោះជុំ ជន អាយុ៣០ឆ្នាំ មុខរបរជីកឬសឈើធ្វើថ្នាំលក់ជាមួយគ្នា ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមគ្រួសារខាងលើ​បានបណ្តើរគ្នាទៅជីកឬសឈើធ្វើថ្នាំលក់ លុះបន្តិចក្រោយមក ក៏មានអ្នកភូមិដើរឆ្លងកាត់កន្លែងកើតហេតុ ក៏ឮសូរសំឡេងកូនប្រុសតូចៗយំ ទើបនឹកឆ្ងល់ក៏ដើរទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះជាម្តាយដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ចំណែកបុរសជាប្តីមិនឃើញនៅកន្លែងកើតហេតុនោះទេ លុះពេលសួរនាំកូនតូចៗ ទើបដឹងថា ឪពុករបស់គេ ជាអ្នកវាយសម្លាប់ម្តាយរួចរត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មកអ្នកភូមិរូបនោះ ក៏បានយករឿងនេះទៅប្រាប់ប្រជាពលរដ្ឋក្នុងភូមិ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចចុះជួយអន្តរាគមន៍។

ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចសហការជាមួយខាងជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះរងរបួសធ្ងន់ត្រង់ក្បាលផ្នែក ខាងក្រោយយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យស្លាប់។

ដោយឡែក ក្មេងតូចៗទាំង២នាក់បងប្អូន​ដែលត្រូវជាកូនរបស់ស្ត្រីរងគ្រោះ ដែលស្ថិតក្នុងសភាពភ័យញ័រខ្លួននៅឡើយនោះ ត្រូវបានសមត្ថកិច្ចលួងលោមសួរនាំ ហើយពួកគេបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ម្តាយរបស់ពួកគេកំពុងជីកឬសឈើសុខៗ ស្រាប់តែឪពុកទាញចបជីក វាយម្តាយពីក្រោយ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ទាំងនៅចំពោះមុខពួកគេតែម្តង​ បន្ទាប់មកឪពុករបស់ពួកគេក៏បានរត់គេចខ្លួន បាត់ទៅ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះសមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់បាននៅឡើយថា ផ្តើមចេញពីមូលហេតុអ្វីនោះទេ តែយ៉ាងណា ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាប្តី។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES