Friday, November 14, 2025
Homeព័ត៌មានជាតិម្នាក់ចូល ម្នាក់ទៀតនៅក្រៅ... ប្រពន្ធស្រែកផ្អើលសមត្ថកិច្ច ចាប់បានទាំង២

ម្នាក់ចូល ម្នាក់ទៀតនៅក្រៅ… ប្រពន្ធស្រែកផ្អើលសមត្ថកិច្ច ចាប់បានទាំង២

ភ្នំពេញ ៖ នគរបាលរដ្ឋបាលព្រែកព្នៅ បានចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងករណីលួចម៉ូតូ ខណៈជនសង្ស័យទាំងពីរនាក់ សមគំនិតគ្នា ដោយប្រើល្បិចម្នាក់បានចូលមកសួរនាំទិញអីវ៉ាន់ ចំណែកម្នាក់ទៀតក៏បានធ្វើសកម្មភាពលួចជិះម៉ូតូចេញទៅ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចលើចិញ្ចើមផ្លូវលេខ១៥១ ស្ថិតក្នុងភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ មានទី១-ឈ្មោះមីន អ៊ូម៉ឺត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និងទី២-ឈ្មោះហេង ពិសិដ្ឋ ហៅសាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ពួកគេទាំង២ មានលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  មានសារធាតុញៀនជាប់ខ្លួន។ ចំណែកជនរងគ្រោះឈ្មោះកែវ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខសាលាសង្កាត់ មានលំនៅផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HA-8329 ចំនួន១ គ្រឿង (ជារបស់ជនរងគ្រោះ បានប្រគល់ជូនម្ចាស់ដើមវិញ) និងម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ (មិនប្រក្រតី) ពាក់ស្លាកលេខភ្នំពេញ 1L-5651 ចំនួន១គ្រឿង (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) រួមនឹងកូនសោរម៉ាឡេត ចំនួន១ដើម។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានបណ្តើរម៉ូតូចេញពីក្នុងផ្ទះយកមកទុកនៅខាងមុខផ្ទះ ដោយមិនបានដកសោចេញ ហើយជនរងគ្រោះក៏បានចូលទៅរៀបចំអីវ៉ាន់នៅក្នុងផ្ទះ ដើម្បីលក់ដូរដូរសព្វដង ចំណែកប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះយ៉ង ចាន់នួន  បានរៀបចំដាំបបរលក់នៅមុខផ្ទះដូច។

លុះដល់វេលាម៉ោង០៧ និង០០នាទីព្រឹក ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកវីវ៉ា បានមកឈប់នៅមុខផ្ទះ ដោយជនសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ បានចុះមកធ្វើជាសួរនាំទិញអីវ៉ាន់ប្រ់ពន្ធជនរងគ្រោះ ចំណែកម្នាក់ទៀតបានធ្វើសកម្មភាព លួចជិះម៉ូតូជិះចេញ តែត្រូវប្រពន្ធជនរងគ្រោះឃើញទាន់ ហើយស្រែកចោរៗ ភ្លាមនោះ ជនសង្ស័យក៏បានរត់ចេញពីក្នុងផ្ទះ ហើយជនរងគ្រោះបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍តាមជនសង្ស័យ រហូតដល់ចំណុចផ្លូវបេតុងបំបែកចូលភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ទើបឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួចក៏នាំយកមកប៉ុស្តិ៍រដ្ឋបាលព្រែកព្នៅ ដើម្បីសាកសួរ និងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES