ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់មានប្រពន្ធដល់ទៅ២នាក់ ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏រត់ទៅចងកសម្លាប់ខ្លួននៅលើដើមក្រខុបខាងក្រោយផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការន៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះ ស្រី ឈួន អាយុ៥៣ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា បុរសខាងលើ ត្រូវគេចាត់ទុកថា ជាបុរសសម្បូរស្នេហ៍ ព្រោះមានប្រពន្ធដល់ទៅ២នាក់ និងសុទ្ធតែជាអ្នករស់នៅផ្ទះក្បែរគ្នា។ ប៉ុន្តែអ្វីដែលជារឿងគួរឱ្យងឿងឆ្ងល់បំផុតនោះ គឺឱ្យតែពេលដែលជនរងគ្រោះផឹកស្រាស្រវឹងម្តងៗ តែងតែប៉ុនប៉ងសម្លាប់ខ្លួនមិនឈប់។

លុះនៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបាននាំគ្នាទៅផឹកស្រានៅផ្ទះខាងប្រពន្ធចុង ឈ្មោះឡាយ ម៉ន ដោយមានបងប្អូន៤ទៅ៥នាក់ លុះក្រោយពេលផឹកស្រាអស់១លីត្រកន្លះ បងប្អូនបានបែកគ្នាទៅផ្ទះរៀងៗខ្លួន។ ចំណែកជនរងគ្រោះចេះតែរអ៊ូរទាំប្រាប់ប្រពន្ធចុងរបស់ខ្លួនថា ចង់តែស្លាប់ ប៉ុន្តែត្រូវស្ត្រីជាប្រពន្ធចុងលួងលោមកុំឱ្យគិតខ្លីបែបនេះ។ ស្រាប់តែនៅវេលាម៉ោង១២រំលង អធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធចុងក៏បបួលប្តីចូលដេក ដោយប្រាប់ថា “តោះចូលដេក យប់ជ្រៅហើយ ខ្ញុំងងុយដេកណាស់ ពេលនោះជនរងគ្រោះជាប្តីបានឆ្លើយថា ទៅដេកទៅ គាត់មិនដេកទេ បើគាត់ដេក គឺឡើងដេកលើផ្ទះធំដេកហើយ។ ពេលនេះគាត់ក៏ចូលដេក រហូតវេលាទៀបភ្លឺ ភ្ញាក់ឡើងមិនឃើញប្តី ក៏ឡើងទៅមើលនៅលើផ្ទះ តែពុំឃើញទៀត ទើបនឹកស្មានថា ប្តីប្រហែលជាទៅដេកនៅផ្ទះប្រពន្ធដើមវិញហើយ ទើបពុំបានតាមរកនោះទេ។ បន្ទាប់មក ស្ត្រីជាប្រពន្ធចុងបានដើរទៅបត់ជើងខាងក្រោយផ្ទះ ស្រាប់តែឃើញបុរសជាប្តីចងកសម្លាប់ខ្លួននៅលើដើមក្រខុបបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយពេលទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍អន្លង់ជ្រៃ អាជ្ញាធរភូមិឃុំ និងគ្រូពេទ្យបង្អែកពេទ្យខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
