Friday, November 14, 2025
Homeព័ត៌មានជាតិឃាតករស៊ីឈ្នួលសម្លាប់មនុស្ស ជាប់គុក៣០ឆ្នាំ

ឃាតករស៊ីឈ្នួលសម្លាប់មនុស្ស ជាប់គុក៣០ឆ្នាំ

ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសជនជាឃាតករស៊ីឈ្នួលបាញ់សម្លាប់បុរសម្នាក់ នៅស្រុកខ្សាច់កណ្តាល ដោយក្នុងសវនការដែលមានលោកសាយ សម្ភស្សន៍សេរី ជាចៅក្រម និងមានការចូលរួមពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ផងនោះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្នាក់នៅបណ្តោះអាសន្ន ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាម ខេត្តសៀមរាប ដាក់ពន្ធនាគារ៣០ឆ្នាំ។ ចំណែកអ្នកផ្តើមគំនិត ឈ្មោះខេង ឡា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ។

សំណុំរឿងឃាតកម្មស៊ីឈ្នួលសម្លាប់មនុស្សខាងលើនេះ ជនរងគ្រោះមានឈ្មោះសោ សុជាតិ ហៅជ័រ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យសត្វ និងម៉ៅផ្លៃស្វាយ មានលំនៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

គួររំលឹកថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ មានករណីឃាតកម្មគិតទុកជាមុន (បាញ់សម្លាប់) មួយ បានកើតឡើងនៅចំណុចមាត់ច្រាំងព្រែកដូង ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល។ ក្រោយកើតហេតុភ្លាម កម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល សហការជាមួយជំនាញអាវុធហត្ថ លើផ្ទៃប្រទេស និងជំនាញអាវុធហត្ថខេត្តព្រៃវែង ខេត្តសៀមរាម និងខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តពាក់ព័ន្ធ កម្លាំងជំនាញបានចុះស្រាវជ្រាវបានឃាត់ខ្លួន  ជនសង្ស័យឈ្មោះខេង ឡា ភេទស្រី អាយុ៣៩ឆ្នាំ ដែលជាជនផ្តើមគំនិតជួលឃាតករឈ្មោះហ៊ាប ធី មកសម្លាប់ជនរងគ្រោះ សោ សុជាតិ ហៅជ័រ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

បន្ទាប់មក កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ និងខេត្តសៀមរាម បានឃាត់ខ្លួនជនសង្ស័យឈ្មោះហ៊ាប ធី ដែលជាជនដៃដល់ (ឃាតករស៊ីឈ្នួលសម្លាប់មនុស្ស) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចអណ្តូង៣ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល។ ការចាប់ខ្លួនជនសង្ស័យឈ្មោះហ៊ាប ធី គឺធ្វើឡើង បន្ទាប់ពីជនសង្ស័យជាឃាតកររូបនេះ រួមនឹងបក្ខពួក បនាបោកគ្រាប់បែកចំនួន២គ្រាប់ និងបាញ់តបតជាមួយសមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាម និងខេត្តឧត្តរមានជ័យ នៅចំណុចផ្ទះឈ្មោះជា ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបណ្តាលឱ្យនាយអាវុធហត្ថខេត្តសៀមរាបម្នាក់ រងរបួសកំភួនជើង និងកំប៉េះគូទ។

ជនសង្ស័យត្រូវបានបញ្ជូនពីខេត្តឧត្តរមានជ័យ មកឱ្យជំនាញអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែក និងបាញ់តបតជាមួយសមត្ថកិច្ចជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះអ៊ាន ឡៃ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ត្រូវជាប្រពន្ធឃាតករមានលំនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ  ពាក់ព័ន្ធករណីឱ្យកូនយកគ្រាប់បែកដែលប្តីលាក់ទុកនៅផ្ទះ ទៅឱ្យឪពុកជាជនសង្ស័យ និងឈ្មោះ វុធ លាងតេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ត្រូវជាកូនឃាតករ មានលំនៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីយកគ្រាប់បែកទៅឱ្យឪពុកជាជនសង្ស័យ។ ជនសង្ស័យ២នាក់ខាងលើ កម្លាំងជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យ កំពុងបន្តនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ។

តាមការស្រាវជ្រាវ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះខេង ឡា និងឈ្មោះហ៊ាប ធី ក្នុងអំពើឃាតកម្មនេះ មានការពាក់ព័ន្ធនឹង បក្ខពួករបស់ខ្លួនចំនួន៣នាក់ទៀត ដែលបានគេចខ្លួនជាបន្តបន្ទាប់ ចាប់ពីថ្ងៃកើតហេតុ រហូតដល់ពេលនេះ។ ដោយឡែក ជនសង្សយ័ឈ្មោះហ៊ាប ធី បានសារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់ លួចម៉ូតូ (កាច់ក) តាមបណ្តាខេត្តជាច្រើនលើក និងលើកចុងក្រោយបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន (ស៊ីឈ្នួលបាញ់សម្លាប់មនុស្ស)។

តាមដំណើររឿងហេតុ ជនរងគ្រោះឈ្មោះ សោ សុជាតិ ហៅជ័រ ធ្លាប់មានស្នេហានឹងគ្នាជាមួយ ជនសង្ស័យឈ្មោះខេង ឡា កាលនៅយុវវ័យ។ ក្រោយមក អ្នកទាំងពីរក៏មានគ្រួសារ និងមានកូនរៀងៗខ្លួន ហើយជនរងគ្រោះនៅតែព្យាយាម តាមស្រឡាញ់ជនសង្ស័យដដែល ព្រមទាំងបាននិយាយបញ្ចុះបញ្ចូលលួងលោមជនសង្ស័យ ម្តងហើយម្តងទៀត ឱ្យលែងលះជាមួយប្តី និង ឱ្យដាក់ថ្នាំបំពុលសម្លាប់ប្តីជាដើម…៘ ហើយការដើរហើរទៅណាមកណារបស់ជនសង្ស័យ  គឺជនរងគ្រោះព្យាយាមតាមរហូត មានពេលខ្លះទៀត ប្តីជនសង្ស័យមិននៅផ្ទះ ជនរងគ្រោះក៏ឆ្លៀតឱកាសផ្លោះរបងចូលទៅរកជនសង្ស័យ ដើម្បីលួងលោមសុំរួមភេទ ប៉ុន្តែជនសង្ស័យមិនយល់ព្រមឡើយ ធ្វើឱ្យជនរងគ្រោះរឹតតែតាម និងប្រចណ្ឌជនសង្ស័យខ្លាំងឡើងៗ ព្រមទាំងគំរាមជនសង្ស័យមិនឱ្យប្រាប់រឿងនេះឱ្យអ្នកណាដឹងទេ ជាហេតុធ្វើឱ្យជនសង្ស័យពុំមានសេរីភាព គ្រប់គ្រាន់ក្នុងការរស់នៅឡើយ ដោយសារមានគំនាបរបស់ជនរងគ្រោះ ហេតុនេះហើយជនសង្ស័យក៏មានគំនិតសម្លាប់ជនរងគ្រោះចោល និងសម្រេចចិត្តទៅសុំលេខទូរស័ព្ទរបស់ឃាតករ ជាជនដៃដល់ឈ្មោះហ៊ាប ធី ដោយសុំពីឈ្មោះហ៊ាប ប៊ុនហ៊ាន ហៅស រស់នៅក្នុងភូមិជាមួយគ្នា រួចបានណាត់ជួបនិយាយត្រូវរ៉ូវគ្នាជាមួយឃាតករឈ្មោះហ៊ាប ធី ក៏រៀបចំគម្រោងផែនការឡើង។

មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ខេង ឡា បានជិះម៉ូតូទៅដឹកជនសង្ស័យឈ្មោះហ៊ាប ធី នៅតាមផ្លូវ ហើយបានជិះទៅកន្លែងកើតហេតុ រង់ចាំជនរងគ្រោះឈ្មោះសោ សុជាតិ  ហៅជ័រ។ លុះដល់រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ ជនសង្ស័យឈ្មោះខេង ឡា បានទូរស័ព្ទហៅជនរងគ្រោះមកជួបគ្នា ដោយបញ្ឆោតឱ្យជនរងគ្រោះ មកជួយមើលទិញដីចម្ការស្វាយមួយកន្លែង ដោយបានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង មកយក ជនសង្ស័យជាឃាតករនៅតាមផ្លូវ រួចចេញដំណើរមកចាំនៅចំណុចកើតហេតុមុន។

មួយសន្ទុះក្រោយមក នៅវេលាមុនពេលកើតហេតុបន្តិច ជនសង្ស័យឈ្មោះហ៊ាប ធី និង ជនរងគ្រោះក៏បានជួបគ្នា ហើយនៅពេលដែលជនរងគ្រោះកំពុងឈរនិយាយភ្លេចខ្លួន ជនសង្ស័យជាឃាតករក៏បានទាញអាវុធខ្លី ម៉ាកK៥៩ (ប្រើគ្រាប់ឡុកច្នៃ) បាញ់ចំក្បាលជនរងគ្រោះ១គ្រាប់ពីក្រោយ បណ្តាលឱ្យជនរងគ្រោះដួលផ្កាប់មុខស្លាប់ភ្លាមៗ បន្ទាប់មកជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅខេត្តសៀមរាប៕

RELATED ARTICLES