Friday, November 14, 2025
Homeព័ត៌មានជាតិល្បួងស្រី៥នាក់ទៅច្រៀងខារ៉ាអូខេ ប្លន់លុយ រួចរំលោភលើឡាន

ល្បួងស្រី៥នាក់ទៅច្រៀងខារ៉ាអូខេ ប្លន់លុយ រួចរំលោភលើឡាន

ខេត្តកំពត ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលនារីជាជនជាតិចិនចំនួន៥នាក់   ដែលជាបុគ្គលិកបម្រើការក្នុងភោជនីយដ្ឋានចិនមួយកន្លែង ត្រូវភ្ញៀវប្រុសដែលជាជនជាតិចិនដូចគ្នា ល្បួងនាំចេញទៅច្រៀងខារ៉ាអូខេនៅខាងក្រៅ រួចក៏ដឹកតាមរថយន្តឡើងទៅលើភ្នំមួយកន្លែង បន្ទាប់មក ក៏គំរាមកំហែងប្លន់យកលុយអស់ជាង៤ពាន់ដុល្លារ រួចចាប់បង្ខំរំលោភនារីរងគ្រោះចំនួន៤នាក់ និងថែមទាំងទូរស័ព្ទគំរាមទារប្រាក់ពីថៅកែហាងរបស់នារីរងគ្រោះទៀតផង លុះធ្វើសកម្មភាពរួច ក៏ដឹកនារីរងគ្រោះ៣នាក់​ ទៅទម្លាក់ចោលនៅក្រុងកំពត ខណៈ ដែល២នាក់ទៀត ត្រូវបានក្រុមជនសង្ស័យនាំទៅដល់ខេត្តព្រះសីហនុ ទើបត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបាន និងរំដោះនារីរងគ្រោះដោយសុវត្ថិភាព។

ហេតុការណ៍ក្រុមជនសង្ស័យចាប់ជំរិតគំរាមទារប្រាក់ និងរំលោភក្រុមនារីចិន៥នាក់នេះ  បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានចិនមួយកន្លែង យីហោថាងទីង មានទីតាំងស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នារីរងគ្រោះទាំង៥នាក់ ដែលត្រូវឧក្រិដ្ឋជនចាប់ជំរិតនិងរំលោភ រួមមាន ទី១-ឈ្មោះ Xiang kai pi អាយុ២៣ឆ្នាំ ទី២-ឈ្មោះ Chen Si hong អាយុ២៥ឆ្នាំ ទី៣-ឈ្មោះ Huang Shuang Giong អាយុ២៧ឆ្នាំ ទី៤-ឈ្មោះ Peng Lin hui អាយុ២៣ឆ្នាំ និងទី៥-ឈ្មោះ Hua Na អាយុ២៣ឆ្នាំ។ នារីរងគ្រោះទាំង៥នាក់ខាងលើ សុទ្ធតែជាបុគ្គលិកបម្រើការងារក្នុងភោជនីយដ្ឋានខាងលើជាមួយគ្នា។

ចំណែកក្រុមជនសង្ស័យដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន មានចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ក្នុងនោះរួមមាន ទី១-ឈ្មោះ Guo Yuwei អាយុ៣១ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EE2952223 ទី២-ឈ្មោះ Li Xiaoxiang អាយុ២៧ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EE2962687 និងទី៣-ឈ្មោះ Li Hongjie អាយុ៣២ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EE9458762។ រីឯបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែក វត្ថុតាងចាប់យករួមមាន ទូរសព្ទ័ដៃ១គ្រឿង (របស់ជនរងគ្រោះ) រថយន្ត ម៉ាក Starex ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AX-8067 (រថយន្តដែលជនល្មើសជិះធ្វើសកម្មភាព)។

តាមប្រភពពីមន្ត្រីនគរបាលជាន់ខ្ពស់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ករណីចាប់ជំរិត និងរំលោភនារីជនជាតិចិន ខាងលើនេះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តកំពត  បានបើកប្រតិបត្តិការយ៉ាងក្តៅគគុក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់  និងរំដោះនារីរងគ្រោះបានចំនួន២នាក់ផងដែរ។

ប្រភពដដែលបន្តថា ប្រតិបត្តិការនេះ កម្លាំងនគរបាលតាមចាប់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅវេលាទៀបភ្លឺ ក្នុងខេត្តព្រះសីហនុ ដោយជួយសង្គ្រោះនារីជនជាតិចិន បានចំនួន២នាក់ ក្នុងចំណោម៥នាក់ ព្រមទាំងដកហូតរថយន្តរបស់ក្រុមជនល្មើស ចំនួនមួយគ្រឿងផងដែរ។ សម្រាប់ជនសង្ស័យចំនួន២នាក់ផ្សេងទៀត បាន និងកំពុងរត់គេចខ្លួន ដែលកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ផងដែរ។

បន្ទាប់ពីធ្វើការបង្ក្រាបបានក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រគល់ទៅឱ្យនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់វិធានការបន្តតាមផ្លូវច្បាប់។

តាមរយៈការបំភ្លឺពីជនជាតិចិន ម្ចាស់ភោជនីយដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ  កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានជនសង្ស័យជនជាតិចិន មួយក្រុម មានគ្នា៥នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ TOP1 ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកផឹកស៊ីនៅក្នុងហាងរបស់គាត់ លុះមួយ សន្ទុះក្រោយមក ពួកគេបាននិយាយប្រាប់គាត់ ជាថៅកែឱ្យរកស្ត្រីជនជាតិចិន៥នាក់ (ស្ត្រីខ្មែរមិនយកទេ) ដើម្បីមកអង្គុយផឹកកំដរលេងជាមួយក្រុមជនសង្ស័យទាំង៥នាក់នោះ។

ប្រភពដដែលបន្តទៀតថា ក្រោយមក គាត់ក៏បានរកក្រុមនារីជនជាតិចិន ចំនួន៥នាក់ មកឱ្យអង្គុយកំដរ និងផឹកស៊ីជាមួយក្រុមជនសង្ស័យទាំង៥នាក់។ រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល ក្រុមជនសង្ស័យបានប្រាប់ថា  សុំនាំក្រុមស្ត្រីទាំង៥នាក់នោះ ចេញទៅដើរលេងមួយភ្លែត និងបានប្រាប់ក្រុមនារីជនជាតិចិនទាំង៥នាក់នោះថា ចេញទៅច្រៀងខារ៉ាអូខេ យីហោ តុងហ្វាំងម៉េងជូ ហើយក៏នាំគ្នាឡើងជិះរថយន្ត TOP1 ខាងលើ ចាកចេញទៅបាត់ មិនដឹងថាទៅដល់ណា ស្រាប់តែនៅម៉ោង១០យប់ថ្ងៃដដែល ក្រុមជនសង្ស័យទូរស័ព្ទមកគំរាមជំរិតទារប្រាក់ចំនួន១០ម៉ឺនយ៉េន ពីគាត់ជាថៅកែហាង ជាថ្នូរនឹងការដោះលែងស្ត្រីចិន ៥នាក់នោះមកវិញ ទើបធ្វើឱ្យគាត់ភ័យស្លន់ស្លោចរចាផ្ញើវេរលុយ លើកទី១ ចំនួន១៩០០០យ៉េន តែក្រុមជនសង្ស័យមិនព្រមដោះលែង។ លុះដល់ម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩   ជនសង្ស័យបានទាមទារលុយបន្ថែម ទើបគាត់បានវេរលុយជាលើកទី២ ចំនួន៣២០០០០យ៉េន  បន្ថែមទៀតថា នឹងដោះលែងស្ត្រីជនជាតិចិន ៣នាក់មកសិន នៅតែមិនឃើញដោះលែងជនរងគ្រោះដដែល។ ក្រោយមក គាត់កាន់តែភ័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចផ្អើលឆោឡោទាំងប៉ូលិស ទាំងអាវុធហត្ថ ចុះទៅសាកសួរដល់ភោជនីយដ្ឋានតែម្តង។

ដោយឡែក តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ក្រុមឧក្រិដ្ឋជនទាំងនោះបានដោះលែងនារីរងគ្រោះជាជនជាតិចិន ចំនួន៣នាក់ហើយ នៅឯទឹកដីខេត្តកំពត ប៉ុន្តែនៅសល់២នាក់ទៀត កំពុងស្ថិតក្នុងកណ្តាប់ដៃក្រុមជនសង្ស័យនៅឡើយ។

ប្រភពដដែលបន្តថា យោងតាមសម្តីរបស់នារីរងគ្រោះដែលត្រូវបានក្រុមឧក្រិដ្ឋជនដោះលែងវិញនោះ បានរៀបរាប់ប្រាប់ថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានបុរសជាជនជាតិចិន១ក្រុម មានគ្នាចំនួន៥នាក់ បានចាប់ជម្រិតពួកនាងមានគ្នា៥នាក់ ចេញពីហាងបាយថាងទីង ស្ថិតនៅភូមិចុងថ្នល់ខាងលិច  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយពេលនោះ ក្រុមជនសង្ស័យបានប្រាប់ពួកនាងថា នាំទៅច្រៀងខារ៉ាអូខេ យីហោតុងហ្វាំងម៉េងជូ។ លុះ  ពេលពួកនាងទាំង៥នាក់ឡើងជិះរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ គ្មានស្លាកលេខរួចហើយ   ជនសង្ស័យបានដឹកពួកនាងចេញពីភ្នំពេញ ឡើងទៅភ្នំមួយ ដែលពួកនាងមិនស្គាល់ រួចបានធ្វើសកម្មភាពគំរាមកំហែងដកយកប្រាក់ពួកនាងអស់ពីខ្លួន ដែលមានចំនួនសរុបជាង៤ពាន់ដុល្លារ។ ជាងនេះទៅទៀត ក្រុមជនសង្ស័យបានបង្ខំលើរូបរាងកាយ ដោយរំលោភសេពសន្ថវៈពួកនាង ចំនួន៤នាក់ នៅក្នុងរថយន្តក្បែរស្រះទឹកមួយកន្លែង ចំណែកនារីរងគ្រោះឈ្មោះ Huang Shuang Giong មិនត្រូវបានក្រុមជនសង្ស័យរំលោភនោះទេ។

ក្រុមនារីរងគ្រោះ បន្តថា ក្រោយមក ក្រុមជនសង្ស័យបានដឹកពួកនាងទៅដល់ក្រុងកំពត នៅវេលាម៉ោងប្រមាណជាង៥ភ្លឺ រួចហើយស្រាប់តែក្រុមជនសង្ស័យបានទាញពួកនាងចំនួន ៣នាក់ទម្លាក់ចុះ និងប្រាប់ថា ទៅណាក៏ទៅៗ។ ចំណែកនារី២នាក់ទៀត រួមមាន ទី១-ឈ្មោះ Peng Lin hui និងទី២-ឈ្មោះ Hua Na មិនទាន់ត្រូវបានក្រុមជនសង្ស័យដោះលែងមកវិញនៅឡើយ និងមិនដឹងថា ក្រុមជនសង្ស័យនាំនារីរងគ្រោះទាំង២នាក់ ទៅដល់ណា និងធ្វើអ្វីបន្ថែមទៀតឡើយ។

យ៉ាងណាក្តី ករណីចាប់ជំរិតនិងរំលោភដ៏កក្រើកខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យ (ឃាត់ខ្លួន៣នាក់ គេចខ្លួន២នាក់) និងរំដោះនារីរងគ្រោះទាំងអស់បានដោយជោគជ័យ កាលរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩៕

RELATED ARTICLES