Friday, November 14, 2025
Homeព័ត៌មានជាតិឆែកឃើញតាមប្រព័ន្ធ ICloud នាំសមត្ថកិច្ចទៅចាប់ មានទាំងប្រុស ទាំងស្រី

ឆែកឃើញតាមប្រព័ន្ធ ICloud នាំសមត្ថកិច្ចទៅចាប់ មានទាំងប្រុស ទាំងស្រី

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវបានជនសង្ស័យ២នាក់ ប្រើល្បិចធ្វើជាហៅឱ្យដឹកទៅកន្លែងស្ងាត់ ស្រាប់តែដកកាំបិតមកភ្ជង់ប្លន់ប្រមូលយកលុយកាក់ និងទូរស័ព្ទ រួចក៏គេចខ្លួនបាត់ លុះ២ម៉ោងក្រោយមក ជនរងគ្រោះបានប្តឹងសមត្ថកិច្ច និងស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវបេតុង ចំណុចក្រោយបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជួង សុជាតិ អាយុ២០ឆ្នាំ ស្នាក់នៅបុរីកីឡាអគារ F ជាន់ទី៣ មុខរបររើសអេតចាយ (ជាអ្នកធ្វើសកម្មភាពភ្ជង់ប្លន់) និងទី២-ឈ្មោះអ៊ឹង ឡាយហុង អាយុ២០ឆ្នាំ ស្នាក់នៅភូមិ៥ សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះ មានឈ្មោះសែម លាងហេង អាយុ១៨ឆ្នាំ មុខរបររត់ម៉ូតូកង់បី។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូកង់បីចេញមកពីម្តុំបឹងសាឡាង លុះមកដល់ចំណុចមុខវិទ្យាល័យសន្ធរមុខ ក៏លេចមុខជនសង្ស័យ២នាក់ បានហៅគាត់ឱ្យដឹកទៅបុរីកីឡា។ លុះពេលធ្វើដំណើរទៅដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ័ម្នាក់ ឈ្មោះជួង សុជាតិ បានប្រើកូនកាំបិតយកមកភ្ជង់ ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះអ៊ឹង ហុងឡាយ ជាអ្នកប្លន់យកទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាក IPhone 7 Plus មួយគ្រឿង និង១គ្រឿងទៀត ម៉ាក SamSung S7 រួមនឹងកាបូបលុយចំនួន១  ដែលមានលុយក្នុងនោះ ចំនួន១០ម៉ឺន៥ពាន់រៀលទៀតផង បន្ទាប់មកក្រុមជនសង្ស័យក៏នាំគ្នារត់គេចខ្លួនបាត់អស់ ដោយសុវត្ថិភាព។

ជនរងគ្រោះ បន្តថា ពេលនោះ គាត់បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ លុះប្រហែលជាបានជិត២ម៉ោងក្រោយមក ក៏បានជិះត្រឡប់ទៅផ្ទះវិញ រួចបើកទូរស័ព្ទដៃ១គ្រឿងទៀត ដើម្បីឆែកតាមប្រព័ន្ធអាយខ្លោត ក៏លោតសញ្ញាប្រាប់ថា ជនសង្ស័យកំពុងតែនៅលើផ្លូវ២២១ ផ្ទះសំណាក់ហេង ហ៊ួត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ក៏សុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយភ្លាមនោះ សមត្ថកិច្ចខណ្ឌ៧មករា បានចុះសហការគ្នាជាមួយសមត្ថកិច្ចខណ្ឌទួលគោក បានចុះទៅទីតាំងលាក់ខ្លួនរបស់ជនសង្ស័យនៅក្នុងបន្ទប់លេខ២០១ រួចក៏ឃាត់ខ្លួនបានតែម្តង។ បន្ទាប់មក សមត្ថកិច្ចបានឆែកឆេរបន្ទប់១ទៀត លេខ១០១ ក៏ឃាត់ខ្លួនបានអ្នកប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់ (ប្រុស១ ស្រី២) យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំ។

ក្រោយពីធ្វើការឆ្លើយសារភាព សមត្ថកិច្ចបានច្ញេប្រតិបត្តិការឈានទៅឃាត់ខ្លួនជនសង្ស័យ ដែលធ្វើសកម្មភាពភ្ជង់ប្លន់ នៅចំណុចម្តុំបុរីកីឡាបានម្នាក់ទៀត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES