Friday, November 14, 2025
Homeព័ត៌មានជាតិហួសហេតុពេកហើយ!!! គ្រាន់តែឈរមើលសោះ ចេញមកវិញ ត្រូវ១ដុំថ្ម

ហួសហេតុពេកហើយ!!! គ្រាន់តែឈរមើលសោះ ចេញមកវិញ ត្រូវ១ដុំថ្ម

ខេត្តក្រចេះ ៖ យុវជនម្នាក់បានជិះម៉ូតូទៅមើលគេរាំធុងបាស់ លុះពេលត្រឡប់មកវិញ ក៏ស្រាប់តែត្រូវក្មេងស្ទាវ១ក្រុម ស្ទាក់គប់១ដុំ ថ្មចំសៀតផ្កា បណ្តាលអោយរងរបួសធ្ងន់ រួចក៏រត់គេចខ្លួនបាត់ តែយ៉ាងណាសមត្ថកិច្ចបានស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនក្រុមជនដៃដល់ បានជាបន្តបន្ទាប់។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្សារ១១៥ ភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

យុវជនរងគ្រោះ មានឈ្មោះវង់ វណ្ណជីវ អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ រងរបួសត្រង់សៀតផ្កាខាងឆ្វេង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ទៅរាំធុងបាស់លេងនៅចំណុច វត្តសំរោងស្រែស្រាយ លុះមកដល់វេលាម៉ោង១១យប់ថ្ងៃដដែល ជនរងគ្រោះក៏ជិះម៉ូតូចេញពីវត្តមកវិញ សំដៅមកផ្ទះ ស្រាប់តែជិះដល់ចំណុចកើតហេតុ ក៏ត្រូវក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណ១ក្រុម លួចស្ទាក់ទាញដុំថ្មគប់ បណ្តាលឱ្យចំសៀតផ្កាខាងឆ្វេង បែកចេញឈាមហូរជោកខ្លួន រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។ ចំណែកក្រុមក្មេងស្ទាវ បន្ទាប់ពីបង្កហេតុរួច ក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ រីឯជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ខេត្តកំពង់ចាម។

រហូតមកដល់ព្រឹកទ្បើងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១និង២០នាទី ទើបម្តាយជនរងគ្រោះបានមកប្តឹងរាយការណ៍ឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឃុំគ្រញូងសែនជ័យ សហការជាមួយកម្លាំងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យ និងបក្ខពួកជាបន្តបន្ទាប់  ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមផ្លូវច្បាប់។

លុះដល់វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងជំនាញស្រុក បានចុះស្រាវជ្រាវ និងសហការជាមួយកម្លាំងប៉ុស្តិ៍គ្រញូងសែនជ័យ ធ្វើការកំណត់បានមុខសញ្ញាម្នាក់ ឈ្មោះអ៊ី ធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្នួល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះវង់ វណ្ណជីវ ប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក  ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្ត បន្តតាមនិតិវិធី៕

RELATED ARTICLES