ខេត្តបាត់ដំបង ៖ បុរសជាមន្ត្រីយោធាសឹករងម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែដាច់ចិត្តគិតខ្លី ជិះម៉ូតូចូលទៅក្នុងព្រៃ រួចធ្វើសកម្មភាពចងកសម្លាប់ខ្លួន នៅលើដើមដង្កៀបក្តាម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចត្នោតកំបុត ស្ថិតក្នុងភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកសំពៅលូន។
បុរសគិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះកើត ឡង់ឌី អាយុ២៨ឆ្នាំ មុខរបរជាមន្ត្រី យោធាផ្នែកសឹករងស្រុកសំពៅលូន រស់នៅភូមិអូរតាគាំ សង្កាត់ទួលតាឯក ក្រុងខេត្តបាត់ដំបង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាក AIR BLAD ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខ 1J-8514 ចូលទៅក្នុងព្រៃតែម្នាក់ឯង រហូតមួយសន្ទុះធំក្រោយមក ក៏មានការផ្អើលឆោឡោឡើងថា ប្រទះឃើញជនរងគ្រោះខាងលើ បានចងកសម្លាប់ខ្លួននៅលើដើមដង្កៀបក្តាម និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យសាកសព។

ប្រភពពីអ្នកដែលស្គាល់ជនរងគ្រោះ បានឱ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់បានប្រើប្រាស់សារធាតុញៀន ប៉ុន្តែហេតុផលដែលនាំឱ្យជនរងគ្រោះមានគំនិតខ្លី ដល់ថ្នាក់ចងកសម្លាប់ខ្លួនបែបនេះ គឺមិនមានអ្នកណាម្នាក់ បានដឹងនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែដេរបាវ ចងកជាប់នឹងមែកដើមដង្កៀបក្តាម បណ្តាលឱ្យដាច់ខ្យល់ស្លាប់។
សមត្ថកិច្ចបញ្ជាក់ថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញម៉ូតូ១គ្រឿង ម៉ាក AIR BLAD ប័ណ្ណពេទ្យ១សន្លឹក ព្រមទាំងថ្នាំពេទ្យមួយចំនួនទៀតផង។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី”