ភ្នំពេញ ៖ បុរសម្នាក់ទើបជិះរថយន្តចេញពីផឹក ទាំងស្រវឹងជោកជាំ លុះមកដល់តាមផ្លូវ ងងុយដកេពកេ ក៏ឈប់រថយន្តដេកមួយភាំង ត្រូវបានជនសង្ស័យ២នាក់ ឃើញម្ចាស់លង់លក់សុខស្រួលទាមងស្រមុកផងនោះ ក៏ចូលលួចយកទូរស័ព្ទដៃ បានសម្រេច តែចៃដន្យអី ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់ នាំគ្នាស្វាគមន៍ឡើងទ្រមខ្លួន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៥៣ នៅចំណុចរង្វង់មូលផ្សារថ្មី ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ។

ជនសង្ស័យត្រូវគេចាប់ជាប់វាយមួយដៃមួយជើងម្នាក់ ឡើងទ្រមខ្លួននេះ មានឈ្មោះរុន ហៀង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅគល់ស្ពានជ្រោយចង្វា មានស្រុកកំណើតនៅភូមិទួលរកា ឃុំរអាង ស្រុកកំពុងសៀម ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ រត់គេចខ្លួនបាត់។

សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណវ័យប្រហែលជាជាង៤០ឆ្នាំ បានបើករថយន្តមួយគ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2W- 8870 មិនដឹងថា ទើបចេញមកពីផឹកស៊ីនៅទីណានោះទេ បានជាមកឈប់រថយន្តដេកនៅចិញ្ចើមផ្លូវត្រង់ចំណុចរង្វង់មូលផ្សារថ្មី បានមួយសន្ទុះក្រោយមក ក៏លេចមុខជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ទៀតបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ម៉ាកសាំសុង បានសម្រេច ហើយបម្រុងនឹងរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋជិះម៉ូតូកាត់តាមផ្លូវនោះប្រទះឃើញ ក៏ដេញតាមចោរក្របួចជាប់ម្នាក់ ឯម្នាក់ទៀតយកទូរស័ព្ទដៃរត់គេចខ្លួនបាត់ ភ្លាមៗនោះ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋព្រួតមួយដៃវាយមួយជើង បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះអត់បានដាក់ពាក្យបណ្តឹងនោះទេ គ្រាន់តែប្រគល់ជនសង្ស័យឱ្យទៅសមត្ថកិច្ច ដើម្បីធ្វើការអប់រំទៅបានហើយ៕
