ខេត្តកំពង់ធំ ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងខ្ទមចម្ការយ៉ាងអាណោចអាធ័ម ខណៈពេល ដែលប្រពន្ធរវល់ចេញទៅចូលរួមមង្គលការបងប្អូននៅស្រុកកំណើត ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង១៣នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចខ្ទមចម្ការរបស់ជនរងគ្រោះ ស្ថិតនៅវាលម្រាក់ ភូមិអូរគគី ឃុំបឹងល្វា ស្រុកសន្ទុក។
បុរសរងគ្រោះមានឈ្មោះ យស់ វ៉ាត ហៅខេមរៈ អាយុ៤៦ឆ្នាំ មុខរបរធ្វើចម្ការ មានប្រពន្ធឈ្មោះនល់ ស្រីណាក់ អាយុ ២៧ឆ្នាំ មុខរបរធ្វើចម្ការជាមួយគ្នា។ ប្តីប្រពន្ធ អ្នកទាំងពីរមានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម បច្ចុប្បន្នមកស្នាក់នៅធ្វើចម្ការនៅចំណុចភូមិ ឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធរបស់នាងជាមនុស្សញៀនស្រា ឱ្យតែពេលដាច់ស្រា (អត់មានស្រាផឹក) ចេះតែកើតមានមានអាការៈធ្វើទុក្ខ ដូចជាប្រកាច់ និងល្ហិតល្ហៃទន់ដៃជើង ធ្វើការងារអ្វីក៏មិនកើតដែរ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ គាត់បានចេញទៅចូលរួមមង្គលការបងប្អូននៅឯស្រុកកំណើត ទុកប្តីឱ្យនៅចាំចម្ការតែម្នាក់ឯង។ លុះម៉ោង៩កន្លះយប់ ថ្ងៃដដែល ក៏មានគេទូរស័ព្ទមកប្រាប់ថា ប្តីរបស់នាងបានដេកស្លាប់ ឮដូច្នេះនាងក៏ប្រញាប់ប្រញាល់ត្រឡប់ ទៅមើលប្តីនៅឯចម្ការវិញ ពេលមកដល់ ក៏បានឃើញប្តីស្លាប់ពិតមែន ដោយមានញាតិជិតខាងមកជួបជុំ។

តាមការបំភ្លឺរបស់សាក្សីឈ្មោះជឺ សាវ័ន ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិបុសថ្លាន់ ឃុំ ស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្ននៅធ្វើចម្ការចំណុចកើតហេតុខាងលើ បានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១០យប់ ខ្លួនដើរ ទៅដល់ជិតរោង ក៏ស្រែកហៅជនរងគ្រោះ តែមិនឮសូរម្ចាស់រោងឆ្លើយតបវិញសាះ ភ្លាមនាះ ខ្លួនមានការសង្ស័យ ក៏បានទៅបបួលក្មួយរបស់ជនរងគ្រោះ ព្រមទាំងអ្នកជិតខាង៣-៤នាក់ទៀត នាំគ្នាទៅមើល ពេលទៅដល់ បានច្របាច់ភ្លើងអំពូលពិលមើលលើរោង ក៏បានប្រទះឃើញ ជនរងគ្រោះកំពុងដេកនៅលើរោង ពេលនោះ ក្មួយរបស់ជនរងគ្រោះ បានអង្រួនឱ្យភ្ញាក់ តែមិនភ្ញាក់ ក៏នាំគ្នាពិនិត្យមើល ជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះបានស្លាប់ បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យមកពិនិត្យសាកសព។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះ ទៅសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល និងរដ្ឋអំណាច ឃុំភូមិ ទៅដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យមើលកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើខ្លួនប្រាណជនរងគ្រោះ មិនមានស្លាកស្នាមអ្វី គួរឱ្យសង្ស័យឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជន រងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង។
សាកសព ត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕