ភ្នំពេញ ៖ បុរសលក់ទាអាំងម្នាក់ បានឃើញក្មេងស្រីម្នាក់ រួចក៏ល្បួងនាំក្មេងស្រីដើរលេង រួចក៏ដឹកបង្ហួសចូលបន្ទប់ជួលរបស់ខ្លួន ស្រាតខោអាវ រួចក៏ចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេច ទីបំផុត ក្មេងស្រីរងគ្រោះប្រាប់រឿងរ៉ាវឱ្យម្តាយបានដឹង ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាម នាំយកទៅចាត់ការតាមច្បាប់ កាលពីម៉ោង៧និង៥៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ករណីរំលោភសេពសន្ថវៈក្មេងស្រីជាអនីតិជននេះ បានកើតឡើងលើកទី១ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលរបស់ជនសង្ស័យ (មិនបានសម្រេច) និងលើកទី២ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលជនសង្ស័យ ដដែល (បានសម្រេច)។

ជនសង្ស័យល្មោភកាម មានឈ្មោះថន វិចិត្រ ហៅចិត្រ អាយុ២៦ឆ្នាំ មុខរបរលក់ទាអាំង ស្នាក់នៅបន្ទប់ជួល ផ្ទះលេខ៤៧E0z ស្ថិតក្នុងភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ប.ច.ព ហៅព អាយុ១១ឆ្នាំ មុខរបរសិស្ស និងជួយលក់នំប៉័ងម្តាយ ស្នាក់នៅផ្ទះតាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្តបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់បុរសម្នាក់លក់ទាអាំង បានចាប់រំលោភកូនស្រីរបស់គាត់។ ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ឱ្យជួយអន្តរាគមន៍ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។
នៅមុនពេសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យបានល្បួងនាំក្មេងស្រីរងគ្រោះទៅដើរលេង រួចក៏ដឹកក្មេងស្រីរងគ្រោះបង្ហួសចូលបន្ទប់ជួលរបស់ខ្លួន ហើយបានធ្វើសកម្មភាពចាប់រំលោភម្តងហើយ តែត្រូវក្មេងស្រីរងគ្រោះស្រែកឆោឡោឡើង ជាហេតុធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏ស្លៀកពាក់ខោអាវឱ្យ ក្មេងស្រីរងគ្រោះវិញ រួចក៏ដឹកត្រឡប់ទៅកន្លែងលក់ដូរវិញ។

លុះនៅវេលាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យក៏ល្បួងដឹកក្មេងស្រីរងគ្រោះទៅបន្ទប់ជួលរបស់ខ្លួន ម្តងទៀត រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ រហូតដល់បានសម្រេច១ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ ចំនួន២ដងប្រាកដមែន តែបានសម្រេចតែ១លើកប៉ុណ្ណោះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕