ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងតែងតែរករឿងម្តាយបង្កើត និងបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខ្ទេចអស់គ្មានសល់ លុះក្រោយពីធ្វើបុណ្យខួបគំរប់៣ឆ្នាំ ឱ្យប្រពន្ធរបស់ខ្លួនចប់ ស្រាប់តែមករករឿងឈ្លោះប្រកែក គំរាមសម្លាប់ម្តាយបង្កើត រហូតដល់ស្ត្រីជាម្តាយទ្រាំលែងបាន ប្តឹងសមត្ថកិច្ចចាប់ខ្លួនកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសគំរាមសម្លាប់ម្តាយខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះទេព គុណ ហៅតុលា អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះលាវ ស៊ីណាត អាយុ៧៣ឆ្នាំ។ ជនសង្ស័យនិងជនរងគ្រោះ ត្រូវជាម្តាយកូននឹងគ្នា និងមានលំនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកជនសង្ស័យជាកូន គឺជាមនុស្សប្រើប្រាស់គ្រឿងញៀន និងផឹកស្រាស្រវឹងម្តងៗ តែងតែរករឿងគំរាមរកកាប់ស្ត្រីរងគ្រោះជាម្តាយ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ មិនត្រឹមរករឿងគ្រួសារប៉ុណ្ណោះទេ ជនសង្ស័យថែមទាំងរករឿងដល់ប្រជាពលរដ្ឋជិតខាងទៀតផង។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះនិងជនសង្ស័យ ទាំង២នាក់ម្តាយកូន បានចេញពីផ្ទះទៅចូលរួមក្នុងពិធីបុណ្យខួបគម្រប់៣ឆ្នាំរបស់ប្រពន្ធជនសង្ស័យ នៅចំណុចភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ខណៈទៅដល់កន្លែងពិធីបុណ្យ ជនសង្ស័យមិនបាននៅចូលរួមក្នុងពិធីបុណ្យនោះទេ បានដើរចេញបាត់ពីកន្លែងពិធី រហូតមកដល់ម៉ោង១០ព្រឹកថ្ងៃដដែល ស្ត្រីរងគ្រោះជាម្តាយបានវិលត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញទ្រព្យសម្បត្តិមួយចំនួន ដូចជាទូរទស្សន៍ម៉ាកសូនី ពណ៌ខ្មៅ ទំហ៊ំ៣២អ៊ិញ ១គ្រឿង ទូរកញ្ចក់ ចំនួន១ និងកៅអីជ័រពណ៌ខៀវ ចំនួន១ បានបែកខ្ទេចខ្ទីអស់ ដោយសារជនសង្ស័យជាកូន វាយកំទេចបំផ្លាញចោល។ ដោយមានការសោកស្តាយទ្រព្យសម្បត្តិរបស់ខ្លួនខ្លាំងពេក ទើបស្ត្រីរងគ្រោះបានស្រែកទ្រហោយំ ភ្លាមនោះជនសង្ស័យ ក៏បានរកវាយនិងគំរាមសម្លាប់ស្ត្រីរងគ្រោះជាម្តាយបន្ថែមទៀត តែត្រូវស្ត្រីរងគ្រោះ រត់គេចខ្លួនចេញពីផ្ទះបាត់ទៅ បន្ទាប់មកជនសង្ស័យបានស្រែកជេរបញ្ចោដៀមដាមដល់ប្រជាពលរដ្ឋជិតខាងថែមទៀតផង។

រហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់កូនប្រុសតទៅទៀតលែងបាន ទើបស្ត្រីជាម្តាយបានប្តឹងមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ ដើម្បីធ្វើការចាប់ខ្លួនកូនប្រុសរូបនោះ នាំយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះប្រាកដមែន។ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕