ភ្នំពេញ ៖ ស្ត្រីជាម្ចាស់ហាងអ៊ុតសក់ម្នាក់ មានប្តី មានកូនដល់ទៅ3នាក់ ស្រាប់តែបែកគំនិតលេងហ្វេសប៊ុក ឆាតចុះឆាតឡើង ក៏បានទាក់ទងស្នេហាជាមួយនឹងប្រុសថ្មី ក្បត់ចិត្តប្តីនិងកូន លុះក្រោយមក មិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែឃើញស្ត្រីរូបនោះ អង្គុយផឹកស្រាបៀរបណ្តើរ ឆាតឆ្លើយឆ្លងទាំងទឹកភ្នែកជាមួយនឹងប្រុសស្នេហ៍បណ្តើរ រួចក៏ឡើងទៅដេកជុំប្តី និងកូនតាមធម្មតា ស្រាប់តែព្រឹកស្អែកឡើង ក៏ប្រទះឃើញស្ត្រីរូបនោះ ចងកសម្លាប់ខ្លួនគួរួឱ្យរន្ធត់។

ហេតុការណ៍ស្ត្រីរូបស្រស់ចងកសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង5និង30នាទីព្រឹក ថ្ងៃទី25 ខែមេសា ឆ្នាំ2019 នៅចំណុចហាងអ៊ុតសក់ យីហោ ណាផា សាឡន ស្ថិតនៅផ្ទះលេខ412 ផ្លូវលេខ351 ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួនរូបនោះ មានឈ្មោះថន គឹមស្រស់ អាយុ34ឆ្នាំ មុខរបរជាម្ចាស់ហាងអ៊ុតសក់យីហោ ណាផា សាឡន ស្នាក់នៅកន្លែងកើតហេតុជាមួយប្តីនិងកូនប្រុសស្រី3នាក់ និងមានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី24 ខែមេសា ឆ្នាំ2019 គេឃើញស្ត្រីរងគ្រោះបានអង្គុយផឹកស្រាបៀរអស់ចំនួន2កំប៉ុង នៅក្នុងហាងមួយកន្លែង ក្បែរផ្ទះស្នាក់នៅរបស់នាង ហើយអំឡុងពេលផឹកស្រាបៀរនោះ គេឃើញស្ត្រីរូបនោះបាននិយាយឆ្លើយឆ្លងតាមឆាតជាមួយបុរសម្នាក់បណ្តើរ និងថែមទាំងបានយំយែកទៀតផង តែមិនដឹងថាមកពីមូលហេតុអ្វីនោះទេ។
ប្រភពដដែលបន្តថា លុះដល់យប់ឡើង ស្ត្រីរងគ្រោះក៏បានចូលដេកជាមួយបុរសជាប្តីនៅក្នុងបន្ទប់ជាធម្មតា ស្រាប់តែព្រឹកឡើង នៅពេលដែលប្តីងើបរៀបចំខ្លួនទៅធ្វើការ ក៏ស្រាប់តែឃើញស្ត្រីជាប្រពន្ធចងកជាប់នឹងចម្រឹងបង្អួច ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងទាំងព្រឹក។
ប្រភពខាងលើ បញ្ជាក់ថា ជុំវិញការចងកសម្លាប់ខ្លួនរបស់ស្ត្រីខាងលើនេះ ត្រូវបានគេដាក់ការសង្ស័យថា កើតចេញពីរឿងស្នេហាត្រីកោណ ព្រោះកន្លងមក នាងតែងតែបានឆាតតាមទូរស័ព្ទទាក់ទងជាមួយប្រុសផ្សេងក្បត់ប្តីខ្លួនឯង និងមានវិបត្តិធ្ងន់ធ្ងរ ទើបបានជាសម្រេចចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និងកូនប្រុសស្រីតូចៗ ទាំង3នាក់បែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យទៅសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារតែការចងកធ្វើអត្តឃាតសម្លាប់ខ្លួនប្រាកដមែន។
សាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។