ភ្នំពេញ ៖ បុរសម្នាក់ នៅសុខៗក៏កាន់កាំបិតប៉័ងតោដើរសំដៅចូលទីស្នាក់ការភូមិ រួចក៏ស្រែកឡូឡា ជេរគេឯង ធ្វើឱ្យភ្ញាក់ផ្អើលដល់លោកមេភូមិ ចេញមកសួរនាំ ស្រាប់តែត្រូវជនបង្កបានទាញកាំបិតដេញកាប់លោកមេភូមិ ទាំងកំរោល តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋជួយអន្តរាគមន៍ចាប់ឃាត់ជនសង្ស័យទាន់ពេល និងប្រគល់ទៅឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។
ហេតុការណ៍អំពើហិង្សាដេញកាប់មេភូមិខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចទីស្នាក់ការភូមិដើមស្លែង ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
បុរសរងគ្រោះមានឈ្មោះខៀវ ជួង អាយុ ៦៧ឆ្នាំ មុខរបរជាមេភូមិ ស្នាក់នៅផ្ទះលេខ០២ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យមានឈ្មោះសយ ថាន់ អាយុ៤២ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមសម្តីរបស់លោកមេភូមិដើមស្លែង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ខណៈដែលគាត់កំពុងធ្វើការនៅក្នុងទីស្នាក់ការភូមិដើមស្លែង ចំណុចកើតហេតុខាងលើសុខៗ ក៏ស្រាប់តែលេចមុខជនសង្ស័យដើរសំដៅចូលមកទីស្នាក់ការភូមិ រួចកាន់កាំបិតប៉័ងតោស្រែកឡូឡា ឃើញបែបនេះ គាត់ក៏ចេញទៅសួរថា “ម៉េចបានមកស្រែកឡូឡានៅទីនេះ?” ភ្លាមនោះ ជនសង្ស័យក៏បានជេរប្រមាថគាត់ ព្រមទាំងទាញកាំបិតប៉័ងតោបម្រុងកាប់គាត់ទៀតផង តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ជួយចាប់ជនសង្ស័យចេញទាន់ បន្ទាប់មក ប្រជាពលរដ្ឋក៏ប្រគល់ជនសង្ស័យខាងលើ រួមនឹងកាំបិតប៉័ងតោ១ ទៅឱ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ដើម្បីនាំយកទៅចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា កន្លងមកកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យខាងលើធ្លាប់បានប្រើកាំបិតប៉័ងតោ មកគំរាមកំហែងថា នឹងសម្លាប់ជនរងគ្រោះម្តងរួចមកហើយ”