Saturday, November 15, 2025
Homeព័ត៌មានជាតិការស្រលាញ់នេះ ខុសរឿងពេកហើយ... ចុងក្រោយជាប់ខ្នោះ

ការស្រលាញ់នេះ ខុសរឿងពេកហើយ… ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ ៖ យុវជនម្នាក់ហេតុតែស្រលាញ់ការងារ និងឯកសណ្ឋានប៉ូលិសខ្លាំងពេក ក៏បានទៅទិញឯកសណ្ឋាន និងស័ក្តិពីផ្សារទឹកថ្លា រួចយកមកស្លៀកជិះម៉ូតូទាំងកណ្តាលយប់ លុះសមត្ថកិច្ចចេញល្បាតប្រទះឃើញសង្ស័យ ព្រោះឃើញប៉ូលិសអត់អត្តលេខ ក៏ស្ទាក់ឃាត់សួរនាំ ទីបំផុត ទើបដឹងថា តាមពិតជាប៉ូលិសក្លែងក្លាយសោះ។

ករណីឃាត់ខ្លួនជនស៊ីវិលក្លែងខ្លួនជាមន្ត្រីនគរបាលនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៥៤ ស្ថិតក្នុងភូមិ៧ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទក្លែងបន្លំប្រើប្រាស់ឯកសណ្ឋានគរបាលជាតិ និងប្រើប្រាស់ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ មានឈ្មោះប្រាក់ ចន្ទ័ដារាវង្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខឯកជន ស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន រួមមាន ឯកសណ្ឋាននគរបាលជាតិពណ៌ទឹកដោះគោ មានខោ១ អាវ១ ស័ក្តិមួយគូ សញ្ញាសឹង្ហ១ និងម៉ូតូ១គ្រឿង ម៉ាក ZOOMER-X ពណ៌បៃតង បិតស្កុតប៉ារ៉ា ពាក់ស្លាកលេខ នប១-៤៦៥២ (ស្លាកលេខក្លែងក្លាយ) លេខតួ ៥១០៥៨៤៧ និងលេខម៉ាស៊ីន ០១០៥៨៤៧។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ខណៈដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ កំពុងចេញល្បាតក្នុងមូលដ្ឋានមកដល់ចំណុចទីតាំងខាងលើ ក៏ប្រទះឃើញជនសង្ស័យខាងលើ ស្លៀកឯកសណ្ឋានជាប៉ូលិស ពាក់ស័ក្តិ២លើស្មា និងជិះម៉ូតូ១គ្រឿង ពាក់ស្លាកលេខនគរបាលទៀត ប៉ុន្តែអ្វីដែលគួរឱ្យសង្ស័យ គឺត្រង់ថា ស្លាកឈ្មោះជាប៉ូលិស តែគ្មានអត្តលេខ ទើបសមត្ថកិច្ចសម្រេចឃាត់សួរនាំ ទើបដឹងថា ជននេះមិនមែនជានគរបាលជាតិនោះទេ តែគ្រាន់ស្លៀកឯកសណ្ឋានក្លែងបន្លំ ទើបឃាត់ខ្លួននាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច យុវជនដែលក្លែងបន្លំជាមន្ត្រីនគរបាលនេះ បានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ខ្លួនដេលជាសន្តិសុខឯកជន បានទៅយាមនៅហាងបបរ១កន្លែង នៅម្តុំផ្សារដើមគរ ដោយស្លៀកពាក់ឯកសណ្ឋានជាសន្តិសុខពណ៌ខ្មៅ។ លុះដល់ម៉ោង៨យប់ថ្ងៃដដែល ចប់ម៉ោងការងារ ទើបរូបគេក៏បានដូរឯកសណ្ឋានសន្តិសុខចេញ ហើយយកឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោ ដែលដាក់ក្រោមកែបម៉ូតូមកស្លៀកវិញម្តង លុះពេលធ្វើដំណើរមកដល់ចំណុខាងលើ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំតែម្តង។

យុវជនខាងលើ បានបន្តសារភាពថា តាមពិតរូបគេមិនមែនជាមន្ត្រីនគរបាលនោះទេ ប៉ុន្តែដោយសារមានចិត្តស្រលាញ់ការងារ និងឯកសណ្ឋានមួយនេះ ទើបទិញយកមកស្លៀក ដោយក្នុងនោះ រូបគេបានទិញឯកសណ្ឋានប៉ូលិសនេះពីផ្សារទឹកថ្លា ខោ១អាវ១ តម្លៃ១០ដុល្លារ សក្កិ១គូ តម្លៃ៣ដុល្លារ ស្លាកឈ្មោះតម្លៃ៥ដុល្លារ។

យុវជនខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ និងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES