ភ្នំពេញ ៖ បុរសកំហូចម្នាក់មានប្រពន្ធកូនរួចទៅហើយ តែបែរជាលួចលាក់មានស្រីថ្មី ដឹកដៃគ្នាឡើងផ្ទះសំណាក់រួមរ័កយ៉ាងត្រេកត្រអាលជាញឹកញាប់ តែប្រពន្ធចាប់ថ្នាក់មិនបាន ទីបំផុត ប្រពន្ធលួចដាក់ប្រព័ន្ធ GPS លើឡានប្តី ក៏តាមទាន់ឃើញច្បាស់នឹងភ្នែក ប្តីទើបនឹងបង្កាត់ភ្លើងស្នេហ៍ជាមួយស្រីថ្មីរួច និងកំពុងដឹកស្រីចេញពីផ្ទះសំណាក់ ក៏ត្រូវប្រពន្ធនិងកូន ស្ទាក់ក្របួចទាំងប្តីកំហូច និងស្រីស្នេហ៍លួចលាក់ អូសកចូលប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នា។

ហេតុការណ៍ប្រពន្ធដាក់ GPS តាមទាន់ប្តីជើងល្អ ដឹកស្រីចេញពីផ្ទះសំណាក់ ក៏ធ្វើឱ្យកើតជាជម្លោះបែកផ្សែងទាំងព្រឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចប្រមាណជិត១០០ម៉ែត្រ ផ្ទះសំណាក់លក្ខណ៍ប៊ូទិច ម៉ូតែល ស្ថិតក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ភាគីប្តីដែលលួចលាក់មានស្រីកំណាន់ មានឈ្មោះសុភ័ក្រ អាយុប្រមាណជាង៤០ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ី និងដឹកភ្ញៀវ មានលំនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះរថយន្តម៉ាកហាយឡែនឌឺរ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2AM-7885។ ចំណែកស្រីស្នេហ៍ប្រាប់ថា ខ្លួនអាយុ២៨ឆ្នាំ មុខរបរធ្វើស្រែចម្ការ និងមានលំនៅខេត្តក្រចេះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្តីបាននាំស្រីស្នេហ៍ទៅឡើងឋានសួគ៌ានៅផ្ទះសំណាក់លក្ខណ៍ប៊ូទិច ម៉ូតែល បន្ទាប់ពីក្រេបទឹកឃ្មុំយ៉ាងស្កប់ស្កល់អស់មួយយប់។ លុះព្រឹកឡើងជិះរថយន្តដឹកស្រីស្នេហ៍ចេញមកវិញ ក៏ស្រាប់តែត្រូវកូនប្រុសនិងប្រពន្ធមកដល់ ក៏ចុច GPS ពន្លត់ម៉ាស៊ីន ហើយឱ្យប្តីជួបគ្នាដោះស្រាយ និងចាប់ដៃនារីជាស្រីស្នេហ៍ជាប់ ដើម្បីថតទុកជាភ័ស្តុតាង ដែលបញ្ជាក់ថា ជាសហាយស្មន់នឹងគ្នាទៀតផង។

ប្រភពដដែលបន្តថា ខណៈដែលស្ត្រីជាប្រពន្ធចាប់ដៃស្រីស្នេហ៍ជាប់នោះ គេឃើញបុរសជាប្តីបានព្យាយាមទៅប្រវាយប្រតប់ ដើម្បីរំដោះស្រីស្នេហ៍ចេញ ជាហេតុធ្វើឱ្យកើតមានជម្លោះបែកផ្សែងផ្អើលពេញកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះ បុរសជាប្តីក៏គេចខ្លួនបាត់ ចោលរថយន្ត និងនារីជាស្រីស្នេហ៍ ព្រោះតែត្រូវស្ត្រីជាប្រពន្ធចាប់ដៃជាប់មិនព្រមលែង រួចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក តែក្រោយមកដោះលែងវិញ បន្ទាប់ពីនគរបាលណែនាំឱ្យទៅប្តឹងនៅមូលដ្ឋាន។

តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា ដោយសុំមិនបញ្ចោញឈ្មោះថា ការតាមចាប់ស្ត្រីជាសហាយស្មន់ គឺដើម្បីទុកជាភស្តុតាង និងប្តឹងលែងលះប្តីដែលលួចមានស្រីជាបន្តបន្ទាប់ និងលក់រថយន្តយកប្រាក់សងគេតែប៉ុណ្ណោះ ហើយលោកប្តីចង់ទៅណាទៅៗ គាត់លែងយកទៀតហើយ។ គាត់ជាស្ត្រីមេម៉ាយដែលប្តីបែកបាក់គ្នាប្រមាណ១៧ឆ្នាំមកហើយ គាត់ក៏រៀបការជាមួយប្តីថ្មីរូបនោះ ដោយពុំមានកូនទេ ព្រោះគាត់មានជំងឺខ្សោយ។ ការរស់នៅជាមួយគ្នា ប្តីតែងតែលួចមានស្រីធ្វើបាបចិត្តគាត់ ឱ្យទឹកភ្នែករាល់ថ្ងៃ តែគាត់នៅតែស្រលាញ់ប្តី។
ស្ត្រីជាប្រពន្ធបន្តទៀតថា កាលពីឆ្នាំ២០០៩ ព្រោះតែស្រីទើបបានជាប្តីជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង គាត់ខំព្យាបាល និងមើលតែប្តីរហូតជា ហើយរយៈពេលប្រមាណ៣ឆ្នាំមុននេះ ប្តី មានជំងឺទឹកនោមផ្អែមក៏នៅតែខំថែទាំប្តី តែលោកប្តីមិនយកចិត្តទុកដាក់នោះទេ ទោះបីជាគាត់មានជំងឺបេះដូង លើសឈាមក៏មិនខ្វល់នៅ ទៅលួចមានស្រីដេកចោលផ្ទះ ហើយគាត់តាមចាប់បានទាំងលេខទូរស័ព្ទ និងទាក់ទងគ្នាតាមហ្វេសប៊ុកទៀតផង។

ស្ត្រីជាប្រពន្ធ បន្តថា នេះជាលើកទី៤ ដែលគាត់តាមទាន់ប្តីលួចមានស្រីនៅក្នុងរយៈពេល ប្រមាណ១ឆ្នាំនេះ ព្រមទាំងណែនាំអប់រំឱ្យឈប់ទាក់ទងស្រី តែលោកប្តីមិនស្តាប់ ហើយកូនគាត់ក៏បំពាក់ប្រព័ន្ធ GPS ចាប់ភ័ស្តុតាងប្តី ដើម្បីលែងលះគ្នា។ លុះមុនថ្ងៃកើតហេតុ២ថ្ងៃ លោកប្តីប្រាប់គាត់ថា ទៅខេត្តកំពតដោយឱ្យអ៊ុតខោ អាវយ៉ាងស្អាត តែមិននឹកស្មានថាណាត់ជួបស្រីដេកផ្ទះសំណាក់បែបនេះ។ លុះពេលគាត់ ឆែកតាម GPS នៅម៉ោងប្រមាណជាង៩និង៣០នាទីយប់ ថ្ងៃទី២៨ មេសា ក៏តាមប្តីរកឃើញប្តីនាំស្រីមកដេកផ្ទះសំណាក់ ហើយគាត់ក៏ត្រឡប់ទៅផ្ទះវិញ លុះម៉ោងប្រមាណ៣ទៀបភ្លឺ ក៏ត្រឡប់មកចាំរហូតដល់ម៉ោងប្រមាណ៦ព្រឹក ទើបចេញពីផ្ទះសំណាក់ ហើយត្រូវកូនប្រុសចុច GPS ពន្លត់ម៉ាស៊ីន រួចឃាត់សហាយស្មាន់តែម្តង ។

ដោយឡែក នារីជាស្ត្រីស្នេហ៍ បានឱ្យដឹងថា នាងមានទំនាក់ទំនងជាមួយបុរសរូបនោះ ប្រមាណ១ខែតាមហ្វេសប៊ុក និងទើបតែណាត់ជួបគ្នាជាលើកទី១ ហើយការទាក់ទងគ្នាបុរសនេះប្រាប់ថា ខ្លួនគ្មានប្រពន្ធទេរស់នៅជាមួយឪពុក ហើយតែងតែទាក់ទងគ្នាតាមរយៈឆាត។ ប្រមាណ២ថ្ងៃមុន បុរសរូបនោះក៏ណាត់នាងមកភ្នំពេញ ដោយប្រាប់ថាឱ្យលុយ ហើយព្រោះតែប្រាក់ ណាមួយឪពុកឈឺក៏ធ្វើដំណើរមកដល់ភ្នំពេញ លុះពេលល្ងាចត្រូវបុរសនេះចាំទទួល នៅគល់ស្ពានជ្រោយចង្វា ក៏នាំគ្នាមកដេកផ្ទះសំណាក់ ស្រាប់តែព្រឹកឡើង ក៏ត្រូវប្រពន្ធគេមកទាន់តែម្តង។
ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធបានឃាត់ខ្លួននារីជាស្រីស្នេហ៍នាំទៅប៉ុស្តិ៍ស្រះចក តែត្រូវសមត្ថកិច្ចណែនាំឱ្យទៅប្តឹងនៅមូលដ្ឋាន ក្រោយមកក៏បានលែងនារីនោះឱ្យត្រឡប់ទៅផ្ទះវិញ។

ដោយឡែក ចំណែករថយន្តត្រូវបានកូនប្រុសហៅរថយន្តមកស្ទូចយកទៅផ្ទះ ព្រោះរថយន្តនោះត្រូវបុរសដែលជាឪពុកយកកូនសោទៅបាត់៕