ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងយុវជនជាសង្សារ រួចក៏រត់ឡើងទៅសម្ងំក្នុងបន្ទប់ជិត១ម៉ោង លុះមិត្តភក្តិឡើងទៅតាមបម្រុងលួងលោម ស្រាប់តែគោះទ្វារហៅមិនឆ្លើយសង្ស័យ នាំគ្នាទម្លាយទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញនារីរងគ្រោះបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ១៧៨ ជាន់ទី២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នារីរូបស្រស់គិតខ្លីចងកសម្លាប់ខ្លួន គ្រាន់តែទាស់សម្តីជាមួយសង្សារតិចតួច មានឈ្មោះជី ស្រីម៉ា ហៅស្រីស អាយុ១៩ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួលខាងលើ មានស្រុកកំណើតភូមិថ្កូវ ឃុំជីខ្នា ស្រុកទ្រាំង ខេត្តតាកែវ។
តាមប្រភពពីមិត្តភក្តិរបស់នារីរងគ្រោះ បានឱ្យដឹងថា នៅមុនកើតហេតុ នារីរងគ្រោះបានឈ្លោះគ្នាតិចតួចជាមួយយុវជនជាសង្សារ ហើយក៏រត់ឡើងទៅលើបន្ទប់ជួលបាត់ទៅ។ លុះអស់រយៈពេលជិតមួយម៉ោង ទើបមិត្តភក្តិឡើងទៅតាមគោះទ្វារហៅមិនឆ្លើយ ទើបហៅគ្នាឡើងទៅមើលបន្ថែម ឆ្កឹះទ្វារបើក ក្នុងបំណងថា ទៅលួងលោមនាងកុំឱ្យខឹងទៀត បែរជាប្រទះឃើញចងកសម្លាប់ខ្លួនទៅវិញ។ ភ្លាមៗនោះ ត្រូវបានមិត្តភក្តិនាំគ្នាស្រាយទម្លាក់ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ តែហួសពេលទៅហើយ ជនរងគ្រោះបានស្លាប់បាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ។

ការស្លាប់របស់នារីខាងលើ ត្រូវបានសាច់ញាតិមិនអស់ចិត្តសោះ ដូចជាស្តែងៗពេក ទើបនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារសូមឱ្យសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យឡើងវិញ ដោយបង្កើតជាគណៈកម្មការចុះទៅពិនិត្យដល់បន្ទប់ជួល ពិនិត្យឆែកមើល តាមរយៈកាមេរ៉ាសុវត្តិភាព និងព័ត៌មានជុំវិញ ឃើញថា មុនកើតហេតុ ជនរងគ្រោះឈ្លោះប្រកែកគ្នាជាមួយគូរសង្សារមែន។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង៦និង៤៩នាទីព្រលប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ដោយសារខឹងប្រុសស្នេហ៍និយាយលេងសើចជាមួយមិត្តភក្តិរបស់នាងច្រើនពេក ពោលខ្លាចសង្សារបែកចិត្តកើតរោគប្រចណ្ឌ ទើបនារីរងគ្រោះខឹងពេក ក៏រត់ឡើងលើបន្ទប់ជួលជាន់ទី២ បិទទ្វារជិតសម្ងំចងកសម្លាប់ខ្លួន។ លុះរយៈពេល៤០នាទីក្រោយ ទើបមិត្តភក្តិម្នាក់ឡើងទៅក្នុងបំណងនិយាយលួងលោម កុំឱ្យនាងខឹង តែមិនសូរឆ្លើយ ទើបហៅគ្នីគ្នាឡើងទៅបន្ថែម ហៅនិងគាស់ឆ្គឹះទ្វារចូលទៅ ប្រទះឃើញចងកនឹងក្រមានៅមុខបន្ទប់ទឹកស្លាប់បាត់ តែដោយមិនអស់ចិត្ត នាំគ្នាកាត់ស្រាយទម្លាក់ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ គ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ។

សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕