ខេត្តស្វាយរៀង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន ព្រោះតែតូចចិត្តនឹងជំងឺដែលព្យាលបាលមិនជា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលបីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នោចំណុចក្នុងផ្ទះ របស់លោកយាយរងគ្រោះ ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពុងរោទិ៍។
ស្ត្រីចំណាស់ដែលគិតខ្លី ចងកធ្វើអត្តឃាត មានឈ្មោះសុខ ម៉ុងសា ហៅអិញ អាយុ៦៨ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រុមគ្រួសារលោកយាយរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ម្តាយគាត់មានជំងឺប្រចាំកាយយូរឆ្នាំមកហើយ ដោយត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យ និងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនធូរស្រាលសោះ ណាមួយថវិកាមិនមានគ្រប់គ្រាន់ចេះតែទុកទៅ។ នៅមុនពេលកើតហេតុ កូនៗ និងចៅៗ បានភ្ញាក់ពីដំណេកធ្វើការងារផ្ទះដូចសព្វដង ប៉ុន្តែមានការងឿងឆ្ងល់ខុសសព្វដង ដោយបាត់លោកយាយមិនឃើញចេញមកក្រៅ ក៏ដើរទៅអើតមើល និងហៅ ស្រាប់តែប្រទះឃើញលោកយាយបានចងកស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចស្រុកកម្លាំងប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាសង្កាត់គ្រូពេទ្យជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា លោកយាយរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕