ខេត្តកំពង់ចាម ៖ ពិធីមង្គការមួយ បានប្រព្រឹត្តទៅយ៉ាងរលូន លុះដល់ពេលរសៀល ស្រាប់តែផ្ទៃមេឃចាប់ងងឹត ចាប់ផ្តើមមានខ្យល់កន្ត្រាក់បោកបក់ ធ្វើឱ្យរោងជ័យ ព្រមទាំងតុកៅអី កែវចាន ដែលត្រៀមរួចជាស្រេច ត្រូវប៉ើងខ្ទាត ធ្វើឱ្យកូនកំលោះក្រមុំភ័យសភ្នែក ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។

លោកអ៊ិន គឹមហួន មេឃុំរអាង បានបញ្ជាក់ប្រាប់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានអ្នកភូមិម្នាក់ បានរៀបចំពិធីមង្គលការកូនស្រីរបស់ខ្លួន ដោយកម្មវិធីនានាបានប្រព្រឹត្តទៅយ៉ាងរលូន តាំងពីព្រឹកព្រលឹមមកម៉្លេះ។ លុះដល់វេលាម៉ោងប្រមាណ៣រសៀល ដែលជាពេលវេលាកូនកំលោះក្រមុំចេញមកទទួលភ្ញៀវ ចូលពិសាភោជនាហា ក្រុមចុងភៅ រួមនឹងសាច់ញាតិកូនកំលោះក្រមុំ បានរៀបចំរួចជាស្រោច តាំងពីរោងជ័យ តុកៅអី កែវចាន ដើម្បីទទួលភ្ញៀវ ដឹងអី! បន្តិចក្រោយមក គេឃើញផ្ទៃមេឃចាប់ផ្តើមប្រែទៅជាខ្មៅងងឹត មានដុំពពកខ្មៅជាច្រើន ស្រាប់តែរំពេចនោះ ក៏មានខ្យល់កន្ត្រាក់បានបោកបក់ មកចំរោងការ ជាហេតុធ្វើឱ្យរោងការ បានប៉ើងខ្ទាត រប៉ាត់រប៉ាយ ចំណែកសម្ភារតុកៅអី កែវចាន ត្រូវបានធ្លាក់បែកបាក់អស់មួយចំនួនធំ រីឯកូនកំលោះក្រមុំ បានត្រឹមឈរសម្លឹងមើលមុខគ្នាទាំងព្រលឹងចុងសក់ប៉ុណ្ណោះ។

ក្រោយកើតហេតុការខ្យល់កន្ត្រាក់ខាងលើរួចមក គេឃើញក្រុមចុងភៅ រួមនឹងសាច់ញាតិសាមីខ្លួនកូនកំលោះក្រមុំ បានញាប់ដៃញាប់ជើងរៀបចំរោងឡើងវិញ ហើយពិធីមង្គលការបានប្រព្រឹត្តទៅធម្មតា ដោយមានភ្ញៀវចូលរួមច្រើនកុះករ និងសប្បាយរីករាយបាត់អស់ ភាពភ័យខ្លាចកាលពីថ្ងៃ៕


