Saturday, November 15, 2025
Homeព័ត៌មានជាតិចង់ម៉ាស្សាស្រួល អូនៗចិនជួយបាន

ចង់ម៉ាស្សាស្រួល អូនៗចិនជួយបាន

ភ្នំពេញ ៖ ទីតាំងហាងម៉ាស្សា2កន្លែង ដែលបានលួចលាក់បង្កប់សេវាបម្រើផ្លូវភេទ និងគ្រប់គ្រងដោយថៅកែជនជាតិចិន ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះទៅធ្វើការស្រាវជ្រាវ និងបង្ក្រាប ដោយឃាត់ខ្លួននារីជនជាតិចិន ចំនួន10នាក់ ដែលមានមុខរបរជាអ្នកម៉ាស្សា និងសង្ស័យថា ជាស្ត្រីរកស៊ីផ្លូវភេទនៅក្នុងទីតាំងនោះផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង9ព្រឹក ថ្ងៃទី30 ខែមេសា ឆ្នាំ2019 នៅក្នុងហាងម៉ាស្សាយីហោ អ៊ីហុងយ៉ាន ដែលទីតាំងទី1 ស្ថិតនៅផ្ទះលេខ 14J និងទីតាំងទី2 ស្ថិតនៅផ្ទះលេខ1J តាម បណ្តោយផ្លូវលេខ113 ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ3 ខណ្ឌពោធិ៍សែនជ័យ។

កម្លាំងសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ទីតាំងម៉ាស្សាទាំង2កន្លែងនេះ មានថៅកែជាជនជាតិចិន ឈ្មោះភីង អ៊ី ភេទស្រី អាយុ50ឆ្នាំ ដែលកំពុងរត់គេចខ្លួន ហើយនៅលើទីតាំងនីមួយៗ មានបំពាក់ស្លាកយីហោជាអក្សរចិន សុទ្ធសាធ ហើយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ។ កន្លងមក ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា ហាងម៉ាស្សាយីហោ អ៊ីហុងយ៉ាន 2 ទីតាំងនេះ មើលពីខាងក្រៅ គឺម៉ាស្សាទេ ប៉ុន្តែ នៅខាងក្នុង បែរជាបម្រើសេវាផ្លូវភេទទៅវិញ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងបានធ្វើការស្រាវជ្រាវ រហូតដល់ដឹងការពិត ទើបចុះបង្ក្រាបដោយស្ងាត់ៗ។ ប៉ុន្តែ ទីបំផុតថៅកែនៅតែដឹងខ្លួនទាន់ ហើយរត់គេចខ្លួនបាត់ ដោយឃាត់ខ្លួនបានតែនារី ជាអ្នកម៉ាស្សាចំនួន10នាក់ ក្រៅពីនេះ ក៏ឃាត់ខ្លួនបុរសជនជាតិចិន2នាក់ទៀត ដែលជាមេការនៅក្នុងហាងម៉ាស្សាទាំង 2ខាងលើផងដែរ។ មិនតែប៉ុណ្ណោះ កម្លាំងសមត្ថកិច្ចចម្រុះក៏បានរកឃើញស្រោមអនាម័យមិនទាន់ប្រើប្រាស់ជាច្រើនប្រអប់ ព្រមទាំងស្រោមដែលប្រើរួចជាច្រើនទៀតផង។

ប្រភពដដែលបន្តថា ពេលចុះទៅដល់ផ្ទះលេខ1J រកឃើញស្រោមអនាម័យចំនួន4ប្រអប់ធំ ព្រមទាំងឃាត់ខ្លួននាងៗបានចំនួន5នាក់ និងបុរសជាមេការម្នាក់ បន្ទាប់មកបានបន្តទៅផ្ទះលេខ 14J រកឃើញស្រោមអនាម័យមួយចំនួនធំ និងឃាត់ខ្លួននាងៗចំនួន5នាក់ និងបុរសជាមេការម្នាក់។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង12នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ រង់ចាំប្រគល់ជូននគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់។ មិនតែប៉ុណ្ណោះ កម្លាំងលើកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនស្ត្រីដែលជាថៅកែទីតាំងម៉ាស្សាខាងលើ ដែលកំពុងរត់គេចខ្លួននោះហើយ ដោយឡែក ទីតាំងទាំង2នេះ ត្រូវបានកម្លាំងទម្លាក់ស្លាកចេញ និងបិទទ្វារចោលតែម្តង មិនអនុញ្ញាតឱ្យមានដំណើរការតទៅទៀតឡើយ… ហេស! ហេ! ស្រួល ចិនជួយបាន!…៕

RELATED ARTICLES