ខេត្តកណ្តាល ៖ យុវជនម្នាក់ត្រូវមិត្តភក្តិពឹងឱ្យទៅជួយកំដរមង្គលការគេ លុះពេលចប់កម្មវិធី កំពុងអង្គុយហូបបាយ ក៏ស្រាប់តែត្រូវយុវជនជាភ្ញៀវខាងកូនក្រមុំ បានវាយ១កែវចំភ្នែក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ លុះក្រុមគ្រួសាររវល់តែនាំជនរងគ្រោះទៅមន្ទីរពេទ្យព្យាបាលរបួស ស្រាប់តែត្រឡប់ទៅវិញ សមត្ថកិច្ចបែរជាដោះលែងជនបង្កហេតុ ឱ្យដើរហើរមានសេរីភាពធ្វើព្រងើយ ហើយគិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ មានរយៈពេល១ខែកន្លះទៅហើយ នៅតែមិនទាន់មានដំណោះស្រាយជាមួយជនរងគ្រោះនៅឡើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះ កើតទុក្ខមិនសុខចិត្ត អំពាវនាវដល់លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល ជួយរកយុត្តិធម៌ឱ្យផង។
ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៩ មកម៉្លេះ នៅចំណុចឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។
ជនបង្ករបួសស្នាមឈ្មោះសៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានឪពុកឈ្មោះផាត អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះលៀប ស៊ីណា អាយុ១៨ឆ្មាំ មុខរបរធ្វើការហាងជប៉ុន មានឪពុកឈ្មោះរឿន ផលលៀប មុខរបរកសិករ ម្តាយឈ្មោះសុខ នៀង អាយុ៥៥ឆ្នាំ មុខរបរកសិករ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ថា នៅមុនពេលកើតហេតុ ខ្លួនបានទៅធ្វើជាកូនកំដរការមិត្តភក្កិនៅភូមិឃុំកើតហេតុខាងលើ ខណៈដែលកំដរចប់រួច រូបខ្លួនបានចូលហូបបាយធម្មតា ស្រាប់តែជនដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួកច្រើននាក់ទៀត បានកាន់កែវស្រាបៀរតម្រង់ មកតុរបស់ខ្លួនតែម្តង។ បន្ទាប់មកជនដៃដល់ ឈ្មោះសៅ បានប្រតាយប្រតប់ជាមួយមិត្តភក្កិរបស់ខ្លួនម្នាក់ទៀត ទើបធ្វើឱ្យជនបង្កខឹង ក៏គប់កែវស្រាបៀរនោះដាក់មិត្តភក្កិ ប៉ុន្តែមិត្តភក្កិបានគេចផុត ស្រាប់តែហោះមកត្រូវចំចំហៀងមុខខាងឆ្វេង បណ្តាលឱ្យបែកចិញ្ចើមឈាម រហូតដួលសន្លប់ស្តូកស្តឹង ភ្លាមនោះត្រូវបានមិត្តភក្តិដឹកបញ្ជូនទៅសង្គ្រោះភ្លាមនៅមន្ទីរពេទ្យក្បែរនោះ ដោយគ្រូពេទ្យដេរអស់ចំនួន២៤ថ្នេរ។
ជនរងគ្រោះបន្តថា ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ឃុំពាមឧកញ៉ាអុង បានចុះទៅអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្កបញ្ជូនទៅកាន់អធិការស្រុកល្វាឯម។ ប៉ុន្តែ អ្វីដែលហួសចិត្តនោះ គឺសមត្ថកិច្ចឃាត់ខ្លួនជនបង្កបានតាំងពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ប៉ុន្តែឪពុករបស់ខ្លួនជាជនរងគ្រោះ បានសុំសមត្ថកិច្ចថា ចាំស្អែកព្រឹក នឹងចូលខ្លួនដោះស្រាយគ្នា ព្រោះឥឡូវមកមើលកូននៅមន្ទីរពេទ្យ ដោយសាររបួសធ្ងន់ធ្ងរពេក ណាមួយយប់ជ្រៅណាស់ទៅហើយ។ លុះព្រឹកថ្ងៃដដែល អធិការស្រុកល្វាឯម ស្រាប់តែដោះលែងជនបង្កហេតុឱ្យត្រឡប់ទៅផ្ទះវិញធម្មតា ដោយមិនបានចោទប្រកាន់ជនបង្ក និងគ្មានសំណងណាមួយដល់ខ្លួនជាជនរងគ្រោះឡើយ ដោយសំអាងថា មានឪពុកម្តាយជាអ្នកធានាជនបង្ក ទើបអធិការស្រុកដោះលែងជនបង្ក ដែលទង្វើនេះ គឺជាការបំពានច្បាប់ ព្រោះមិនទាន់មានការឯកភាពពីក្រុមគ្រួសារខ្លួនជាជនរងគ្រោះនៅឡើយ។

ក្រុមគ្រួសារជនរងគ្រោះ បានលើកឡើងសារជាថ្មី កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ថា រឿងរ៉ាវបង្ករបួសស្នាមមកលើកូនគាត់ មិនទាន់ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធណាមួយជួយរកយុត្តិធម៌បាននៅឡើយទេ។ ចំណែកជនបង្កមានសិទ្ធិសេរីភាពដើរហើរយ៉ាងសប្បាយ ខណៈដែលកូនប្រុសគាត់ជាជនរងគ្រោះ ដេកឈឺនឹងរបួសនៅផ្ទះ យ៉ាងឈឺចាប់បំផុត។
ជុំវិញករណីអំពើហិង្សាខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕