ភ្នំពេញ ៖ បុរសជនជាតិបារាំងស្រលាញ់ភេទដូចគ្នាម្នាក់ បានកើតអាការប្រកាច់ត្រដរខ្យល់ស្លាប់ភ្លាមៗ ខណៈដែលកំពុងស្ថិតនៅក្នុងបន្ទប់ជាមួយនឹងយុវជនម្នាក់ និងត្រូវគេសង្ស័យថា អាចស្លាប់លើបង្គង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលលេខ៤៩ ជាន់ទី១ ផ្លូវលេខ VT១៣ ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ។

បុរសរងគ្រោះដែលត្រដរខ្យល់ស្លាប់ និងសង្ស័យថា ស្លាប់លើបង្គង មានឈ្មោះ RADIER FRDERIC អាយុ៤៧ឆ្នាំ ជាជនជាតិបារាំង មុខរបរ ជាវិស្វករផ្នែកអគ្គិសនី ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។ ជនរងគ្រោះខាងលើ ត្រូវគេដឹងថា ជាមនុស្សស្រលាញ់ភេទដូចគ្នា សព្វថ្ងៃ ស្នាក់នៅបន្ទប់ជួលជាមួយនឹងយុវជនម្នាក់ជាជនជាតិខ្មែរ។
តាមសម្តីយុវជនម្នាក់ ឈ្មោះឈួន គង់ អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ មានលំនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឱ្យដឹងថា ខ្លួនធ្លាប់ស្គាល់ជនជាតិបារាំងខាងលើ (ជនរងគ្រោះ) រយៈពេលប្រមាណ១ឆ្នាំមកហើយ ដោយធ្លាប់ចេញចូល និងប្រើប្រាស់របស់របរជាមួយជនរងគ្រោះដែរ។ កន្លងមក ជនរងគ្រោះដែលជាមនុស្សស្រលាញ់ភេទដូចគ្នា មានសង្សារជាប្រុសម្នាក់ដែលធ្លាប់ដេកជាមួយគ្នានៅលើផ្ទះកើតហេតុនេះដែរ។

យុវជនឈ្មោះឈួន គង់ បានបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ រូបគេបានធ្វើដំណើរទៅបន្ទប់ជួលរបស់ជនជាតិបារាំង នោះ (ជនរងគ្រោះ) និងបានជួបបុរសជាសង្សារជនរងគ្រោះនៅក្នុងបន្ទប់នោះដែរ។ ក្រោយមក បុរសជាសង្សាររបស់ជនរងគ្រោះបានចេញទៅវិញបាត់ទៅ ស្រាប់តែបន្តិចក្រោយមក ជនរងគ្រោះក៏ចាប់ផ្តើមកើតមានអាការមិនស្រួលខ្លួន ដោយបានប្រកាច់ និងត្រដរខ្យល់ទៀតផង។ លុះឃើញសភាពបែបនេះ ទើបរូបគេបានរត់ទៅស្រែកឆោឡោ ប្រាប់ម្ចាស់ផ្ទះជួល នាំគ្នាទៅមើល និងបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ បម្រុងដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតដែរ តែអកុសល ពេលគ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ យ៉ាងណាក្តី យុវជនឈ្មោះឈួន គង់ បានបដិសេធថា ខ្លួនពុំដែលបានដេក ជាមួយជនជាតិបារាំងនោះទេ។ ចំណែករឿងជនរងគ្រោះនិងប្រុសស្នេហ៍ ដែលជាភេទដូចគ្នា បានដេកជាមួយគ្នា ឬអត់នៅ មុនពេលកើតហេតុនោះ គឺរូបគេមិនហ៊ានសន្និដ្ឋានថា យ៉ាងណាឡើយ ព្រោះមិនបានឃើញ ផ្ទាល់ភ្នែក។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យនៅក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ និងបានប្រទះឃើញឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើន។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនជាតិបារាំង ដែលជាជនរងគ្រោះខាងលើ បានស្លាប់ដោយសារគាំងបេះដូង មូលហេតុអាចបណ្តាលមកពីប្រើប្រាស់គ្រឿងញៀនហួសកម្រិត។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីរង់ចាំសាច់ញាតិ ឬខាងស្ថានទូត ចាត់ចែងបន្ត៕