Saturday, November 15, 2025
Homeព័ត៌មានជាតិប្តីជិតការប្រពន្ធថ្មី ប្រពន្ធដើមយំអង្វរសុំកូន... សុំប៉ុណ្ណឹងបងធ្វើបានទេ?

ប្តីជិតការប្រពន្ធថ្មី ប្រពន្ធដើមយំអង្វរសុំកូន… សុំប៉ុណ្ណឹងបងធ្វើបានទេ?

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានខ្ចីបុលគេជាច្រើន ដើម្បីយកមកធ្វើដើមទុនរកស៊ី ណាមួយដោយគ្មានពេលវេលាមើលថែកូនតូចគ្រប់គ្រាន់ ក៏យកទៅផ្ញើឱ្យឪពុកម្តាយខាងប្រុស ជួយមើលថែ លុះ២ខែក្រោយមក របររកស៊ីចាប់ផ្តើមខាតឡុងចុង ក៏កើតជាទំនាស់ខ្វែងគំនិតគ្នា រហូតឈានដល់ការបែកបាក់ផ្តិតមេដៃលែងលះគ្នាត្រឹមភូមិ ទាំងដែលអ្នកទាំងពីរមានអេតាស៊ីវិល។ ចំណែកស្ត្រីជាប្រពន្ធបានព្យាយាមសុំយកកូនស្រីមកវិញដែរ តែត្រូវសាច់ញាតិខាងប្តីរារាំងមិនព្រមឱ្យ លុះពេលនេះ ទទួលបានដំណឹងថា បុរសជាប្តីជិតចូលរោងការជាមួយប្រពន្ធថ្មី ទើបស្ត្រីជាប្រពន្ធបានទួញយំទទូចអង្វរសុំយកកូនស្រីមកវិញ។

ស្ត្រីដែលទួញយំអង្វរសុំកូនស្រីពីប្តីមកវិញនេះ មានឈ្មោះខុន ចាន់ធា អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិភ្លាចាស់ ឃុំវាវង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកបុរសជាប្តី មានឈ្មោះហ៊ីង ពិសិដ្ឋ អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។ ប្តីប្រពន្ធខាងលើ បានរួមរស់នឹងគ្នាអស់រយៈពេល៩ឆ្នាំមកហើយ ដោយបង្កើតបានកូនស្រីម្នាក់ សព្វថ្ងៃអាយុ៩ឆ្នាំ និងកំពុងស្នាក់នៅជាមួយឪពុកម្តាយខាងប្តីឯខេត្តស្វាយរៀង។

តាមសម្តីស្ត្រីឈ្មោះខុន ចាន់ធា បានរៀបរាប់ប្រាប់ថា នាងនិងប្តីឈ្មោះហ៊ីង ពិសិដ្ឋ បានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ តាំងពីឆ្នាំ២០១០មកម៉្លេះ ដោយថែមទាំងបានចុះសំបុត្រអាពាហ៍ពិពាហ៍នឹងគ្នាត្រឹមត្រូវទៀតផង។ តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធនាងបង្កើតបានកូនស្រីម្នាក់ជាចំណងនិស្ស័យ ដោយគិតមកដល់សព្វថ្ងៃ កូនស្រីមានវ័យ៩ឆ្នាំហើយ។ ដំបូងឡើយ ជីវិតប្តីប្រពន្ធនាងរួមរស់មានសុភមង្គលល្អណាស់ តែក្រោយមក ដោយសារតែខ្វះដើមទុនរកស៊ី ទើបប្តីប្រពន្ធនាងបានពិភាក្សា និងព្រមព្រៀងគ្នាទៅខ្ចីលុយគេ ដើម្បីយកមកធ្វើដើមទុនរកស៊ី ដោយនាងបានយកលុយទៅទិញឡានមកឱ្យប្តីរកស៊ី តែរកស៊ីមិនកាក់កប ធ្វើឱ្យកើតជាទំនាស់ខ្វែងគំនិតគ្នាមិនឈប់ រហូតដល់ចុងក្រោយ ក៏ឈានដល់ការលែងលះគ្នាតែម្តង។

ស្ត្រីឈ្មោះខុន ចាន់ធា បានបន្តថា នៅមុនពេលកើតហេតុ កាលពីអំឡុងដើមឆ្នាំ២០១៧ កាលណោះប្តីប្រពន្ធនាងនៅមិនទាន់បែកបាក់គ្នានៅឡើយ ប៉ុន្តែដោយសារម្នាក់ៗរវល់ការងារស៊ីឈ្នួលគេរៀងខ្លួន ទាំងប្តីទាំងប្រពន្ធ។ ចំណែកម្តាយបង្កើតរបស់នាង រួមនឹងបងស្រីរបស់នាង២នាក់ទៀត ក៏ជាប់ដៃស៊ីឈ្នួលគេដែរ ហេតុនេះគ្មានអ្នកណាមើលថែកូនស្រី ដែលកាលណោះ ទើបនឹងមានវ័យ៧ឆ្នាំ ទើបនាងនិងប្តី បានសម្រេចចិត្តយកកូនស្រីទៅផ្ញើឱ្យឪពុកម្តាយក្មេក (ឪពុកម្តាយខាងប្រុស) រស់នៅឯខេត្តស្វាយរៀង ជួយមើលថែបណ្តោះអាសន្ន រង់ចាំពេលពួកនាងធូរស្រាលដៃជើង នឹងទទួលយកកូនស្រីត្រឡប់មកវិញ។ គាប់ជួន ២ខែក្រោយមក ដោយសារតែរកស៊ីខាតឡុងចុង ទើបធ្វើឱ្យប្តីប្រពន្ធនាងឈ្លោះគ្នាយ៉ាងខ្លាំង រហូតដល់ប្តីបានត្រឡប់ទៅរស់ នៅឯខេត្តស្វាយរៀងវិញ។ ចំណែកនាងក៏តាមទៅសុំយកកូនស្រីមកវិញ ប៉ុន្តែខាងប្តីមិនព្រមឱ្យសោះ និងថែមទាំងបានលួងលោមនាងថា ឱ្យលែងលះគ្នាឱ្យដាច់ស្រេច ទៅចាំគេប្រគល់កូនស្រីឱ្យ។ ចំណែកនាងដោយជាមនុស្សល្ងង់ មិនបានរៀនសូត្រខ្ពង់ខ្ពស់ណា មួយជឿលើសម្តីឪពុកក្មេក ដែលជាមេភូមិផង ពួកនាងគ្មានសំបុត្រអាពាហ៍ពិពាហ៍ទេ ហេតុនេះ លែងគ្នាត្រឹមភូមិបានហើយ ទើបនាងយល់ព្រមផ្តិតមេដៃលែងលះប្តី នៅខាងភូមិស្រុកប្តីទៅ ទាំងមិនដឹងថា តាមពិត នាងមានសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលសោះ។ លុះលែងលះរួចខាងប្តី នៅតែមិនព្រមឱ្យកូនស្រីមកនាងវិញ ដដែល ធ្វើឱ្យអូសបន្លាយរហូតដល់សព្វថ្ងៃ មានរយៈពេល២ឆ្នាំមកហើយ ហើយពេលនេះ នាងក៏ទទួលបានដំណឹងថា អតីតប្តីរបស់នាងកំពុងត្រៀមរៀបការប្រពន្ធថ្មី ជាស្រីមេម៉ាយកូន១ នៅអំឡុងថ្ងៃទី០៨-០៩ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះទៀតផង ទើបនាងបានស្នើសុំយកកូនស្រីមកចិញ្ចឹមវិញ តែនៅមិនបានសម្រេច ដដែល។

ស្ត្រីខាងលើ បានបញ្ជាក់ថា រយៈពេល២ឆ្នាំមកនេះ នាងរស់នៅក្នុងនាមជាស្រីមេម៉ាយ ប្រឹងដើរស៊ីឈ្នួលគេយកលុយមកដោះបំណុលរាប់ម៉ឺនដុល្លារតែម្នាក់ឯង ដោយគ្មានប្តីមកជួយដោះស្រាយសោះ មិនតែប៉ុណ្ណោះ នាងត្រូវរស់នៅបែកឆ្ងាយពីកូនស្រីជាទីស្រលាញ់ទៀតផង ហើយនាងបានព្យាយាមឡើងចុះទៅតាមសុំយកកូនស្រីមកវិញដែរ តែខាងប្តីមិនព្រមឱ្យសោះ និងថែមទាំងបានចោទប្រកាន់នាងថា ចង់យកកូនស្រីទៅលក់ និងមានប្តី មានប្រុសឈ្មោល ទាំងដែលបុរសដែលជូននាងទៅទាមទារកូនស្រីនោះ គ្រាន់តែជាអ្នករត់ម៉ូតូឌុបសោះ បែរជាត្រូវសាច់ញាតិខាងប្រុស ចោទនាងទាំងបំពានទៅវិញ ទើបធ្វើឱ្យនាងសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ លុះពេលអាជ្ញាធរពិនិត្យមើលឯកសារ ក៏ប្រាប់ថា តាមពិតនាងមានអេតាស៊ីវិល ហេតុនេះមិនអាចលែងលះគ្នាត្រឹមភូមិឃុំបានទេ ចាំបាច់ត្រូវមានសាលក្រមសម្រេចពីតុលាការ ហេតុនេះកិច្ចសន្យាលែងលះគ្នា ដែលនាងបានផ្តិតមេដៃនៅខាងប្តីឯខេត្តស្វាយរៀងនោះ មិនអាចយកជាការបានក្នុងផ្លូវច្បាប់ឡើយ។ ជាងនេះទៅទៀត ប្តីរបស់នាងក៏មិនអាចរៀបការប្រពន្ធថ្មីទៀត ដោយសំអាងលើលិខិតលែងលះ១នោះបានដែរ ព្រោះពួកនាងមានអេតាស៊ីវិលត្រឹមត្រូវ។

យ៉ាងណា ស្ត្រីខាងលើបានអះអាងថា អ្វីដែលនាងចង់បាននៅពេលនេះ គឺមិនមែនចង់បានប្តីត្រឡប់មកវិញនោះទេ តែនាងចង់បានត្រឹមតែកូនស្រីប៉ុណ្ណោះ ព្រោះនាងដឹងថា កូនស្រីមានជំងឺប្រចាំកាយ ហើយការរស់នៅរបស់នាង ក៏មិនល្អប៉ុន្មានដែរ ហេតុនេះ នាងចង់ចិញ្ចឹមបីបាច់កូនស្រី ដែលនាងប្រឹងបង្កើតអស់ឈាមទាំងថ្លុក ហើយក៏មិនដូចការចោទប្រកាន់ថា នាងចង់បានកូនស្រីយកមកលក់នោះដែរ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តី រួមនឹងសាច់ញាតិខាងប្តី បាននៅឡើយការពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES