ខេត្តតាកែវ ៖ បុរសម្នាក់ បានប្រើប្រាស់គ្រឿងញៀនជាប្រចាំ ទោះជាក្រុមគ្រួសារធ្លាប់នាំចូលមណ្ឌលអប់រំកែប្រែជាច្រើនដងយ៉ាងណា ក៏នៅតែមិនអាចកែខ្លួនបាន ដោយចេះតែប្រើថ្នាំញៀនរហូតដល់បែកថ្នាំ ក្លាយជាជំងឺសរសៃប្រសាទ ទីបំផុត ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងខេត្តតាកែវ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះណែម សាវី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ប្រើប្រាស់សារធាតុញៀន ថែមទាំងចែកចាយ និងធ្លាប់ជាប់គុកក្នុងខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់ត្រូវបានឪពុកម្តាយនាំយកទៅមណ្ឌលកែប្រែ ដើម្បីឱ្យកែខ្លួន ផ្តាច់ថ្នាំញៀនដែរ តែមិនបានលទ្ធផលសោះ ព្រោះពេលចេញមកវិញ កូនប្រុសរូបនេះនៅតែប្រព្រឹត្តថ្នាំញៀនដដែល ហើយកាន់តែខ្លាំងលើសដើមទៀតផង រហូតដល់ក្លាយទៅជាមនុស្សមានជំងឺសរសៃប្រសាទទៅហើយ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះក៏បានយកក្រមាចងកសម្លាប់ខ្លួននៅក្នុងផ្ទះខ្លួនឯង បណ្តាលឱ្យស្លាប់តែម្តង ធ្វើឱ្យក្រុមគ្រួសារផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យ។

ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះដល់ទីតាំង ធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។ មូលហេតុដោយសារតែប្រើថ្នាំញៀនលើសកម្រិត មិនអាចគ្រប់គ្រងសតិអារម្មណ៍ និងស្មារតីខ្លួនឯងបាន ទើបសម្រេចចិត្តគិតខ្លីបែបនេះតែម្តង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕