ខេត្តពោធិ៍សាត់ ៖ សាកសពពលរដ្ឋខ្មែរម្នាក់ ដែលបានធ្វើសកម្មភាពលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ កាប់ឈើគ្រញូង និងត្រូវទាហានថៃ ប្រទះឃើញបាញ់ស្លាប់នៅក្នុងទឹកដីថៃ កាលពីសប្តាហ៍មុន ត្រូវបានកម្លាំងយោធភូមិភាគទី៥ ស្នើសុំភាគីថៃ ដឹកមកកាន់កម្ពុជា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។

លោកចាន់ រដ្ឋា មេបញ្ជាការរងយោធភូមិភាគីទី៥ បានបញ្ជាក់ប្រាប់ថា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ មានប្រជាពលរដ្ឋខ្មែរចំនួន២នាក់ បានឆ្លងចូលទឹកដីថៃ ដោយខុសច្បាប់ ដើម្បីកាប់ឈើគ្រញូងនៅភូមិថានសេង ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ និងត្រូវបានទាហានថៃ ប្រទះឃើញ បាញ់ស្លាប់ម្នាក់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់។

ជនរងគ្រោះដែលថៃបាញ់ស្លាប់ និងទើបបញ្ជូនសពដល់ទឹកដីកម្ពុជានាពេលនេះ មានឈ្មោះម៉ៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិព្រែកពី ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ត្រូវគ្រាប់កាំភ្លើងត្រង់ចំណុចបោះដៃផុតធ្លុះចូលចុងដង្ហើម។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះអាន វិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវរបួស៣កន្លែង រួមមានត្រង់ប្រអប់ដៃស្តាំ ភ្លៅស្តាំ និងប្រអប់ជើងស្តាំ។

សាកសពជងរងគ្រោះត្រូវបានថៃ បញ្ជូនទៅខេត្តច័ន្ទបុរី ដើម្បីធ្វើកោសល្យវិច័យ។ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តត្រាត៕
