Saturday, November 15, 2025
Homeព័ត៌មានជាតិមកពីរឿងចឹងតើ!!! បានផ្ទុះហិង្សា បាញ់៥គ្រាប់ ប៉ូលិស២នាក់រងរបួស ក្មេងស្ទាវ៤នាក់ត្រូវចាប់ខ្លួន

មកពីរឿងចឹងតើ!!! បានផ្ទុះហិង្សា បាញ់៥គ្រាប់ ប៉ូលិស២នាក់រងរបួស ក្មេងស្ទាវ៤នាក់ត្រូវចាប់ខ្លួន

ភ្នំពេញ ៖ ក្មេងស្ទាវ១ក្រុម មានគ្នា៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលកំពុងចេញល្បាតស្ទាក់ឃាត់ ដើម្បីស្នើសុំឆែកឆេរ ស្រាប់តែក្រុមក្មេងស្ទាវមិនព្រមឱ្យសមត្ថកិច្ចឆែក បែរជាព្យាយាមតដៃ បង្កជាជម្លោះវាយតប់គ្នា បណ្តាលឱ្យសមត្ថកិច្ចចំនួន២រូប ទទួលរងរបួស ទើបសមត្ថកិច្ចសម្រេចផ្ទុះអាវុធចំនួន៥គ្រាប់ និងឈានដល់ការឃាត់ខ្លួនក្មេងទំនើងទាំង៤នាក់ នាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរបន្ទាយ៩៩ តាមបណ្តោយផ្លូវម៉ៃដា (ផ្លូវ២០០៤) ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផាន ស្រៀង អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅ ផ្ទះជួលម្តុំលូប្រាំ ទី២-ឈ្មោះថាន វិស្រូ អាយុ២៧ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅផ្ទះជួលម្តុំលូប្រាំ ទី៣-ឈ្មោះចាន់ ចាវ អាយុ២៥ឆ្នាំ មុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ២០០៤ និងទី៤-ឈ្មោះផូ ហឿន អាយុ២១ឆ្នាំ មុខរបរបម្រើការនៅហាងខារ៉ាអូខេផ្លូវ២០០៤។

ចំណែកកម្លាំងសមត្ថកិច្ចចំនួន២រូបដែលទទួលរងរបួស រួមមាន ទី១-ឈ្មោះលីន ឃឿន អាយុ២៧ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (រងរបួសបាក់ក្តោងច្រមុះ និងត្រូវរបួសក្បាលពីក្រោយ) និងទី២-ឈ្មោះភួង ចាន់ណា អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (រងរបួសត្រូវស្មងជើង)។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញយុវជន៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ មិនចាំស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកហុងដាប៊ីក ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1HC-9972 ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមបណ្តោយផ្លូវម៉ៃដា (ផ្លូវ២០០៤) ទិសដៅពីលិចទៅកើត និងកាក់ឱ្យឈប់នៅត្រង់ចំណុចកើតហេតុខាងលើ ដើម្បីឆែកឆេរ ក៏ប៉ុន្តែយុវជនទាំង៤នាក់ខាងលើ មិនព្រមឱ្យសមត្ថកិច្ចធ្វើការឆែកឆេរនោះទេ ព្រមទាំងឈ្លោះគ្នាជាមួយសមត្ថកិច្ចយ៉ាងខ្លាំង និងបង្កជាហិង្សា វាយតប់គ្នារវាងសមត្ថកិច្ច និងយុវជនខាងលើ បណ្តាលឱ្យសមត្ថកិច្ចម្នាក់របួសបែកក្បាល និងសមត្ថកិច្ចរងរបួសត្រង់ក្តោងច្រមុះ។

ក្នុងករណីខាងលើ ក៏មានបងប្អូនប្រុសស្រីជាច្រើននាក់ ដែលជាម្ចាស់ហាង ខេធីវី ព្រមទាំនារីៗដែលបម្រើការងារក្នុងហាងខេធីវី ជាកូនចៅ ដែលនៅហាងក្បែរនោះបានជួយហាមឃាត់ ព្រមទាំងជេរប្រមាថដល់សមត្ថកិច្ច និងញុះញង់ឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ឱ្យជួយឃាត់សមត្ថកិច្ច កុំឱ្យចាប់កូនចៅរបស់ខ្លួនទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចជាច្រើននាក់បានចុះមកជួយអន្តរាគមន៍ ប៉ុន្តែដោយសារតែក្រុមក្មេងស្ទាវទាំង៤នាក់ខាងលើ កើតទុក្ខមិនសុខចិត្ត នៅតែបន្តឈ្លោះប្រកែកជាមួយសមត្ថកិច្ចបន្ថែមទៀត ព្រមទាំងមានបក្ខពួកជាច្រើននាក់មកជាមួយចង់បង្កហិង្សា ទើបធ្វើឱ្យសមត្ថកិច្ចសម្រេចផ្ទុះអាវុធចំនួន៥គ្រាប់ ដើម្បីបំបែកក្រុមយុវជនខាងលើ ហើយឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៤នាក់ ដឹកយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីធ្វើការសាកសួរបន្ត។

ដោយឡែក តាមប្រភពពីប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចោញឈ្មោះ បានបញ្ជាក់ឱ្យដឹងថា យុវជនទាំង៤នាក់ខាងលើ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន គឺជាអ្នកកាងស្រី និងជាអ្នកហៅភ្ងៀវឱ្យចូលច្រៀងនៅកន្លែងកើតហេតុ៕

RELATED ARTICLES