Saturday, November 15, 2025
Homeព័ត៌មានជាតិកាចពេកហើយ... បើសិនជាជួបវិញ ច្បាស់ណាស់មិនសល់ជីវិតទេ

កាចពេកហើយ… បើសិនជាជួបវិញ ច្បាស់ណាស់មិនសល់ជីវិតទេ

ភ្នំពេញ ៖ យុវជនឈាមរាវម្នាក់ បានកាន់កាំបិតប៉័ងតោ ដើរទៅតាមរកមុខគូទំនាស់របស់ខ្លួន បម្រុងកាប់ប្រហារស្រាយគំនុំចាស់ លុះជនរងគ្រោះប្រទះឃើញ ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ចាប់ខ្លួនជនបង្ក នាំយកទៅចាត់ការតាមច្បាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំ ភូមិត្រពាំងភូមិ ព្រៃសាលាសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះគឹម លីនដា អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានសារធាតុញៀនក្នុងខ្លួន។ ចំណែកជនរងគ្រោះ មានឈ្មោះបូ រ៉ាមី អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោនិងជនបង្កធ្លាប់បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា លុះមកដល់វេលាម៉ោង១១និង១៥នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ជនបង្កក៏បានកាន់កាំបិតប៉័ងតោ ដើរមកតាមមុខជនរងគ្រោះ បំណងកាប់ជនរងគ្រោះស្រាយគំនុំចាស់ ប៉ុន្តែត្រូវបានជនរងគ្រោះប្រទះឃើញ ក៏រត់គេចខ្លួនទាន់ និងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការតាមប្រមាញ់ចាប់ខ្លួនជនបង្កបាន នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ដោយដកហូតបានវត្ថុតាង កាំបិតប៉័ងតោដងឈើ ចំនួន១ រួចក៏នាំយកទៅសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ឱ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរបន្តតាមជំនាញ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធី៕

RELATED ARTICLES