ខេត្តកំពង់ស្ពឺ ៖ ជារឿងដ៏គួរឱ្យសង្វេគបំផុត សម្រាប់ក្រុមគ្រួសារមួយនេះ ដែលបុរសជាឪពុកបានចងកស្លាប់ចោលកូនប្រុសតូច អាយុជាង៣ឆ្នាំ ឱ្យរស់នៅកំព្រែតលតោល ហើយអ្វីដែលកាន់តែធ្វើឱ្យរន្ធត់ចិត្តបំផុតទៀតនោះ គឺដោយសារជីវភាពក្រីក្រ និងគ្មានសាច់ញាតិផង ទើបសពបុរសជាឪពុកត្រូវបានដាក់តម្កល់លើកន្ទេលក្រាលផ្ទាល់នឹងដី និងគ្មានសូម្បីតែរោងបាំងថ្ងៃ បាំងភ្លៀង ហើយគាប់ជួនភ្លៀងបានបង្អុរធ្លាក់ ជាហេតុធ្វើឱ្យកូនតូចរបស់សព បានស្ទុះរត់ទៅអុជធូបរួចអង្គុយបត់ជើង បន់ស្រន់នៅចុងជើងសពឪពុក សុំកុំឱ្យមេឃធ្លាក់ភ្លៀង ដែលបង្កើតបានជាទិដ្ឋភាព គួរឱ្យសោកសង្រេងជាទីបំផុត។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចភូមិចានា ឃុំកណ្តោដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសជាឪពុករបស់ក្មេងប្រុសរងគ្រោះ ដោយសារតែតូចចិត្តនឹងជីវភាពទីទ័លក្រលំបាកខ្លាំងពេក ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួនតែម្តង ដោយមុនពេលធ្វើអត្តឃាត បុរសជាឪពុកបានប្រើឱ្យកូនតូចរបស់ខ្លួនទៅទិញកាហ្វេ លុះពេលកូនតូចទៅទិញកាហ្វេបានហើយ ដើរត្រឡប់មកវិញ បំណងយកកាហ្វេមកឱ្យឪពុក បែរជាប្រទះឃើញឪពុកចងកស្លាប់បាត់ទៅហើយ ធ្វើឱ្យកូនប្រុសតូចរូបនោះរន្ធត់ចិត្តយ៉ាងខ្លាំង។

ក្រោយកើតហេតុ ដោយសារតែជីវភាពទីទ័លក្រផង ណាមួយមិនមានសាច់ញាតិនៅក្បែរផង ទើបសាកសពបុរសជាឪពុក ត្រូវបានអ្នកភូមិ ជួយរៀបចំដាក់តម្កល់នៅលើកន្ទេល ក្រាលផ្ទាល់នឹងដី ក្រោមម្លប់ឈើក្នុងបរិវេណវត្តចានា ដោយបានត្រឹមគ្របក្រណាត់សប៉ុណ្ណោះ ចំណែករោងបាំងថ្ងៃបាំងភ្លៀង គឺមិនមានលទ្ធភាពជួលនោះទេ។ គាប់ជួន ខណៈដែលសពកំពុងតម្កល់នៅកណ្តាលវាលក្រោមម្លប់ឈើ ក៏ស្រាប់តែមេឃបានចាប់ផ្តើមបង្អុរភ្លៀងរលឹមស្រិចៗ ហើយភ្លាមនោះ ក្រុមអ្នកភូមិបានជួយគ្នាយកកន្ទេលមួយ មកលាតត្រដាងបាំងពីលើសព កុំឱ្យទទឹកភ្លៀង។ ស្រាប់តែរំពេចនោះ ក្មេងប្រុសតូចជាកូនរបស់សព បានស្ទុះរត់ទៅទាញធូប៣សរសៃ មកអុជរួចអង្គុយបត់ជើង បែរបន់សុំកុំឱ្យធ្លាក់ភ្លៀងបន្តទៀត ព្រោះតែខ្លាចទទឹកសពឪពុករបស់ខ្លួន ដែលបង្កើតបានជាទិដ្ឋភាព គួរឱ្យសោកសង្រេងជាទីបំផុត។

យ៉ាងណា ដោយសារតែមើលឃើញពី ក្ខុលំបាករបស់ក្មេងប្រុសតូចខាងលើ ទើបមានសប្បុរសជនបានចូលរួមឧបត្ថម្ភជាទឹកប្រាក់តាមលទ្ធភាព ដើម្បីជួលរោងមកសង់ និងរៀបចំពិធីបុណ្យសព ជូនឪពុករបស់ក្មេងប្រុសអភ័ព្វខាងលើឱ្យបានសមរម្យ។ ជាមួយនេះ ដោយសារតែមានការជួយជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំពីអ្នកស្រុកភូមិ ទើបពិធីបុណ្យសពឪពុកក្មេងប្រុសខាងលើ បានប្រពឹត្តទៅរហូតចប់ ចុងចប់ដើម៕
