Saturday, November 15, 2025
Homeព័ត៌មានជាតិក្តៅស្អុះស្អាប់ពេក... គាត់ក៏ជួបរឿងអកុសលបែបនេះទៅ

ក្តៅស្អុះស្អាប់ពេក… គាត់ក៏ជួបរឿងអកុសលបែបនេះទៅ

ខេត្តកណ្តាល ៖ កម្មកររោងចក្របោកគក់ម្នាក់ កំពុងធ្វើការសុខៗ កើតមានអាការក្តៅស្អុះស្អាប់ខ្លាំងពេក ក៏ដើរទៅបើកកង្ហារ ស្រាប់តែភ្លាមនោះ ក៏ត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចរោងចក្របោកគក់ យីហោ ហ្វេសិនខនស៊ិបខេមបូឌា មានទីតាំងស្ថិតក្នុងភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង។

បុរសរងគ្រោះមានឈ្មោះសន រដ្ឋា អាយុ២៧ឆ្នាំ មុខរបរកម្មករបោកគួក មានលំនៅក្នុងភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលទៅធ្វើការក្នុងរោងចក្របោកគួកដូចសព្វដង លុះក្រោយពេលធាតុអាកាសក្តៅស្អុះស្អាប់ខ្លាំងពេក ទើបជនរងគ្រោះបានដើរទៅបើកកង្ហារ ស្រាប់តែភ្លាមនោះ ក៏ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យដួលសន្លប់ស្តូកស្តឹងតែម្តង។ ភ្លាមៗកម្មករធ្វើការក្នុងរោងក្រជាមួយគ្នា បានស្ទុះមកជួយធ្វើចលនាសង្គ្រោះបឋម និងប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្អាង ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសល ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកសពទៅប្រគល់ឱ្យក្រុមគ្រួសារ និងបានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ មេភូមិ មេឃុំ ចុះពិនិត្យឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES