ភ្នំពេញ ៖ ជនជាតិចិន១ក្រុម មានគ្នាជិត៣០នាក់ ដែលកំពុងសម្ងំលាក់ខ្លួនយ៉ាងសុខស្រួល នៅក្នុងវីឡាដ៏ធំស្កឹមស្កៃ១កន្លែងក្នុងទឹកដី ខណ្ឌសែនសុខ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងមូលដ្ឋាន ចុះបង្ក្រាបឃាត់ខ្លួន ពាក់ព័ទ្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត។

ប្រតិបត្តិការបង្ក្រាប និងបំបែកសំបុកជនជាតិចិន ជំរិតទារប្រាក់តាមអនឡាញខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រតិបត្តិការដ៏ធំមួយនេះ ធ្វើឡើងដោយកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីលោកសេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចដែលចុះប្រតិបត្តិការដោយផ្ទាល់ បានបង្ហើបប្រាប់ថា ករណីបង្ក្រាបជនជាតិចិន១សំបុកធំខាងលើនេះ គឺធ្វើឡើងដោយជាប់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណែត។ ហើយក្នុងនោះ មានជនជាតិចិន សរុបចំនួន២៩នាក់ ត្រូវបានឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងជាឧបករណ៍បច្ចេកវិទ្យា និងសម្ភារពាក់ព័ន្ធបទល្មើសជាច្រើន។

ជុំវិញប្រតិបត្តិការ បំបែកសំបុកជនជាតិចិនសម្ងំលាក់ខ្លួនក្នុងវីឡាស្កឹមស្កៃខាងលើនេះ សមត្ថកិច្ចជំនាញនៅមិនទាន់បញ្ជាក់ ឬផ្តល់ព័ត៌មានលម្អិតបាននៅឡើយ ដោយអះអាងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងស្រាវជ្រាវមិនទាន់បញ្ចប់នៅឡើយ។

ក្រោយឃាត់ខ្លួន ជនជាតិចិនទាំង២៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាំយកទៅធ្វើការសាកសួរ៕