ខេត្តស្ទឹងត្រែង ៖ ក្មេងស្រីជាសិស្សសាលាម្នាក់ កំពុងឈរគោរពទង់ជាតិសុខៗ ស្រាប់តែកើតមានអាការដួលសន្លប់ដោយមិនដឹងមូលហេតុ និងត្រូវបានមិត្តភក្តិ រួមនឹងអ្នកគ្រូជួយកោសខ្យល់មិនទាន់រួចរាល់ផង ស្រាប់តែមានសិស្សស្រីចំនួន៥នាក់ផ្សេងទៀត បានដួលសន្លប់ជាបន្តបន្ទាប់ថែមទៀត ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញសាលា និងប្រញាប់ដឹកបញ្ជូនក្មេងស្រីទាំង៦នាក់ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

ហេតុការណ៍សិស្សសាលាដួលសន្លប់ដោយមិនដឹងមូលហេតុនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបរិវេណអនុវិទ្យាល័យស្រែក្រសាំង ស្ថិតក្នុងស្រុកសៀមបូក ខណៈដែលសិស្សានុសិស្សទាំងអស់កំពុងឈរគោរពទង់ជាតិ មុនចូលថ្នាក់រៀន។

សិស្សស្រីទាំង៦នាក់ ដែលដួលសន្លប់ជាបន្តបន្ទាប់ រួមមាន ទី១-ឈ្មោះទ្បេង សម្រស់ ភេទស្រី ទី២-ឈ្មោះទ្បេង ថាវី ភេទស្រី ទី៣-ឈ្មោះសៀម ភេទស្រី ទី៤-ឈ្មោះពេជ្រ ភេទស្រី ទី៥-ឈ្មោះសាវ៉ាន់ និងទី៦-ឈ្មោះសូរិយា ភេទស្រី។ ក្មេងស្រីជាសិស្សសាលាទាំង៦នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីលោកគ្រូ ផន សុភាព ជាគ្រូនៃអនុវិទ្យាល័យស្រែក្រសាំង បានបញ្ជាក់ឱ្យដឹងថា សិស្សស្រី៦នាក់ដែលដួលសន្លប់ខាងលើ មានម្នាក់រៀននៅបន្ទប់លេខ៧ ហើយបានដួលសន្លប់មុនគេ ខណៈកំពុងដើរសំដៅទៅគោរពទង់ជាតិ។ ភ្លាមៗនេះ លោកគ្រូអ្នកគ្រូ រួមនឹងសិស្សផ្សេងទៀត បានជួយគក់ច្របាច់ និងកោសខ្យល់ ទើបដឹងខ្លួនធម្មតាវិញ និងអោយត្រឡប់ទៅផ្ទះសម្រាក លុះមួយសន្ទុះក្រោយ ស្រាប់តែមានសិស្សស្រីរៀននៅបន្ទប់លេខ៧ និងលេខ៨ បានដួលសន្លប់បន្តបន្ទាប់ថែមទៀត សរុប៦នាក់ ដោយមិនដឹងមូលហេតុសោះ និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញសាលារៀន និងត្រូវបានលោកគ្រូអ្នកគ្រូ ប្រញាប់ដឹកបញ្ជូនទៅកន់មណ្ឌលសុខភាព ដាក់សេរ៉ូម សង្គ្រោះបឋមតែម្តង។

តាមការបញ្ជាក់របស់គ្រូពេទ្យនៅមណ្ឌល សុខភាពភូមិស្រែក្រសាំង ស្រុកសៀមបូក បានឱ្យដឹងថា តាមការសន្និដ្ឋានជាជំហានដំបូង មូលហេតុដែលនាំឱ្យសិស្សស្រីទាំង៦នាក់ដួលសន្លប់ គឺដោយសារតែកម្តៅថ្ងៃក្តៅខ្លាំងពេក បង្កឱ្យខ្វះអុកស៊ីហ្សែន ទើបបណ្តាលឱ្យមានការដួលសន្លប់បែបនេះ។ យ៉ាងណា ក្រុមសិស្សស្រីទាំង៦នាក់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់អស់ហើយ៕