Saturday, November 15, 2025
Homeព័ត៌មានជាតិតាមគម្រោង!!! ឃាតករនឹងបាញ់សម្លាប់ប្រពន្ធចោលទៀត បើនៅជាមួយគ្រូបង្រៀននោះ

តាមគម្រោង!!! ឃាតករនឹងបាញ់សម្លាប់ប្រពន្ធចោលទៀត បើនៅជាមួយគ្រូបង្រៀននោះ

ខេត្តកំពង់ស្ពឺ ៖ បុរសជាគ្រូបង្ហាត់កីឡាម្នាក់ កំពុងអង្គុយហូបបាយថ្ងៃត្រង់ជុំលោកគ្រូអ្នកគ្រូ នៅលើបង់អង្គុយក្នុងបរិវេណសាលា ក៏ស្រាប់តែត្រូវឃាតករដៃឆៅម្នាក់ ដើរសំដៅទៅរក រួចដកកាំភ្លើងបាញ់ប្រហារ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមភ្លាមៗ។ មូលហេតុដោយសារតែជនជាឃាតករខឹងសម្បានឹងគ្រូកីឡា ដែលលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រពន្ធរបស់ខ្លួន ហាមមិនស្តាប់ និងថែមទាំងថតរូបកៀកកើយគ្នា បង្ហោះហ្វេសប៊ុកបង្អួតខ្លួនជាប្តីទៀត ទើបធ្វើឱ្យផ្ទុះភ្លើងប្រចណ្ឌ រហូតឈានដល់ទិញកាំភ្លើងមកបាញ់សម្លាប់យ៉ាងឃោរឃៅ។

ករណីឃាតកម្មដ៏រន្ធត់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្នុងបរិវេណអនុវិទ្យាល័យតាំងរបង ស្ថិតក្នុងស្រុកឱរ៉ាល់។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជួន ធារីរាសី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងទង (ជាងមាស) មានលំនៅក្នុងភូមិទី៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះទូច វាសនា អាយុ២៥ឆ្នាំ ជាគ្រូកីឡាប្រចាំអនុវិទ្យាល័យតាំងរបង មានលំនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះទៅបង្រៀនមុខវិជ្ជាកីឡា នៅអនុវិទ្យាល័យតាំងរបង ដូចសព្វដង។ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ជនរងគ្រោះក៏សម្រាកដើម្បីហូបបាយថ្ងៃត្រង់ ជុំលោកគ្រូអ្នកគ្រូផ្សេងទៀត ដែលបង្រៀននៅក្នុងសាលាជាមួយគ្នា ដោយបាននាំគ្នាអង្គុយហូបបាយនៅលើបង់អង្គុយមួយក្នុងបរិវេណសាលា (ទីតាំងកើតហេតុ)។ ស្រាប់តែពេលកំពុងហូបបាយនៅវេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យខាងលើ បានដើរសំដៅចូលមករកជនរងគ្រោះ ដោយដំបូងឡើយ មិនមានអ្នកណាម្នាក់ចាប់អារម្មណ៍នោះទេ នឹកស្មានថា ជនសង្ស័យស្គាល់គ្នាជាមួយួជនរងគ្រោះ និងមករកជនរងគ្រោះមានកិច្ចការងារអ្វី។ ស្រាប់តែពេលមកដល់ភ្លាម ជនសង្ស័យក៏បានដកកាំភ្លើង១ដើម មិនស្គាល់ម៉ាក មកធ្វើសកម្មភាពបាញ់ប្រហារទៅលើជនរងគ្រោះ១គ្រាប់ ចំបំពង់ក បណ្តាលឱ្យដួលស្លាប់ភ្លាមៗមួយរំពេច នៅក្បែរបង់អង្គុយក្នុងបរិវេណសាលាតែម្តង។ ជាហេតុធ្វើឱ្យលោកគ្រូ អ្នកគ្រូ ដែលកំពុងអង្គុយហូបបាយជុំគ្នា ភ័យឆោឡោរត់គេចចេញប្រសាច។ ចំណែកជនសង្ស័យបានព្យាយាមរត់គេចខ្លួនភ្លាមៗដែរ តែត្រូវសមត្ថកិច្ចចុះមកដល់ចាប់ឃាត់ខ្លួនបានភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលចុះឃាត់ខ្លួនជនសង្ស័យជាឃាតករបាន សមត្ថកិច្ចបានទទួលព័ត៌មានពីលោកគ្រូអ្នកគ្រូមកថា មានករណីបាញ់សម្លាប់មនុស្សនៅក្នុងអនុវិទ្យាល័យតាំងរបង ទើបភ្លាមនោះ កម្លាំងសមត្ថកិច្ចជំនាញ នាចុះស្រាវជ្រាវដល់ទីតាំងកើតហេតុ និងឈានដល់ការតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករបាន អំឡុងពេលប្រមាណ២០នាទីក្រោយមក ដោយដកហូតបានវត្ថុតាង កាំភ្លើងខ្លីម៉ាក K54 ចំនួន១ដើមផងដែរ ដែលជនជាឃាតករប្រើជាមធ្យោបាយបាញ់សម្លាប់ជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករបានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះដែលជាគ្រូកីឡានៅសាលាតាំងរបង ប្រាកដមែន មូលហេតុផ្តើមចេញពីភ្លើងប្រចណ្ឌ។

ជនសង្ស័យជាឃាតករ បានបន្តសារភាពថា តាមពិត រូបគេមានប្រពន្ធដែលមានស្រុកកំណើតនៅស្រុកគងពិសី និងបានរៀបការជាមួយគ្នាតាំងពីឆ្នាំ២០១៥មកម៉្លេះ។ ក្រោយមក រូបគេក៏បានចេញទៅរកស៊ីនៅខេត្តបន្ទាយមានជ័យ ដោយទុកឱ្យប្រពន្ធរស់នៅស្រុកកំណើតឯស្រុកគងពិសី ហើយយូរៗទើបមកជួបប្រពន្ធម្តង។ លុះរង្វង់រយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ រូបគេបានស៊ើបដឹងថា ប្រពន្ធបានលួចទាក់ទងជាមួយគ្រូបង្រៀនម្នាក់នៅសាលាតាំងរបង (ជនរងគ្រោះ) ទើបធ្វើឱ្យរូបគេឈឺចិត្តខ្លាំងណាស់ និងធ្លាប់បានព្រមានហាមអ្នកទាំង២ ឱ្យបញ្ឈប់អំពើក្បត់ផិតនេះទៀតដែរ តែខាងគ្រូកីឡានោះ មិនព្រមបញ្ឈប់សោះ នៅតែបន្តលួចលាក់ឆីប្រពន្ធរបស់ខ្លួនរហូត។ មិនតែប៉ុណ្ណោះ លោកគ្រូកីឡាដែលជាជនរងគ្រោះនោះ ថែមទាំងបានឌឺដងដាក់ខ្លួនជាប្តីថែមទៀត ដោយបានថតរូបកៀកកើយជាមួយប្រពន្ធរបស់ខ្លួន ហើយបង្ហោះលើហ្វេសប៊ុក ដើម្បីបញ្ឈឺខ្លួនជាប្តីទៀតផង ទើបធ្វើឱ្យភ្លើងប្រចណ្ឌឆេះរោល រហូតរូបគេទ្រាំលែងបាន ក៏ទិញកាំភ្លើងពីខេត្តបន្ទាយមានជ័យ ហើយធ្វើដំណើរមករកជនរងគ្រោះ ដើម្បីបាញ់សម្លាប់ចោលតែម្តង ទុកជាការព្រមានដល់ទង្វើប្រុសលួចឆីប្រពន្ធគេ។

ជនសង្ស័យបានសារភាពបន្ថែមថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ រូបគេបានជិះម៉ូតូ១គ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ជាមួយកាំភ្លើងខ្លីម៉ាក K54 ធ្វើដំណើរមកកាន់ខេត្តកំពង់ស្ពឺ។ ពេលមកដល់ខេត្តកំពង់ស្ពឺ រូបគេបានទូរស័ព្ទទៅជនរងគ្រោះ និងបានសួរជនរងគ្រោះថា បង្រៀននៅសាលាណា? បន្ទាប់មក រូបគេក៏បានឆែកមើលផែនទី ទីតាំងតាមទូរស័ព្ទ រួចក៏ជិះម៉ូតូទៅដល់អនុវិទ្យាល័យតាំងរបង ហើយក៏ដើរចូលទៅបាញ់ជនរងគ្រោះនៅចម្ងាយប្រហែល២ម៉ែត្រ បណ្តាលឱ្យត្រូវ១គ្រាប់ ស្លាប់ភ្លាមៗតែម្តង ខណៈដែលជនរងគ្រោះកំពុងតែហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗនៅក្នុងសាលានោះផ្សេងទៀត។

លោកឧត្តមសេនីយ៍ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យហាក់ជាមនុស្សម្នាក់ធ្លាប់ប្រើប្រាស់កាំភ្លើងពីមុនមក ពីព្រោះបាញ់១គ្រាប់ចំបំពង់ក បណ្តាលឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ចំណែកកាំភ្លើងត្រូវបានជនសង្ស័យបញ្ចូលគ្រាប់រួចជាស្រេច និងនៅក្នុងបង់៨គ្រាប់ទៀត បាញ់ជនរងគ្រោះ ប៉ុន្តែផ្ទុះតែ១គ្រាប់ កុំអី! គ្រូបង្រៀនផ្សេងទៀត ក៏អាចរងគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ ហើយបើតាមចម្លើយរបស់ជនសង្ស័យ គឺរូបគេថា នឹងបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនចោលទៀត ប្រសិនបើឃើញនៅជាមួយគ្នា។

ជនសង្ស័យជាឃាតករខាងលើ ត្រូវបានសមត្ថកិច្ចកំពុងសាកសួរបន្ត និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញរឿងរ៉ាវឃាតកម្មដ៏ឃោរឃៅមួយនេះ ពិសេសពាក់ព័ន្ធជាមួយចម្លើយសារភាព របស់ជនដៃដល់ជាឃាតករទាំងប៉ុន្មានខាងលើ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពី ក្រុម- គ្រួសារជនរងគ្រោះ ក៏ដូចជាសាមីខ្លួនស្ត្រីជា ប្រពន្ធរបស់ជនសង្ស័យជាឃាតករបាននៅឡើយ ទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំ ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES