ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ត្រូវបានប្រុសស្នេហ៍រឹតកសម្លាប់ចោលនៅក្នុងបន្ទប់ផ្ទះសំណាក់ ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ២០៧ ក្នុងផ្ទះសំណាក់យីហោ រំចង់ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។

ស្ត្រីរងគ្រោះត្រូវប្រុសស្នេហ៍រឹកសម្លាប់នេះ មានឈ្មោះផៃ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិព្រែកបាក់ ឃុំទម្លាក់ ស្រុកលើកដែក ខេត្តកណ្តាល។ ស្ត្រីរងគ្រោះមានប្តីរួចហើយ បុរសជាប្តីនោះ មានមុខរមរជាមន្ត្រីកងរាជអាវុធហត្ថស្រុកលើកដែក។

ប្រភពពីម្ចាស់ផ្ទះសំណាក់រំចង់ បានរៀបរាប់ប្រាប់ថា កាលពីវេលារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះនិងបុរសម្នាក់ជិះម៉ូតូម្នាក់១គ្រឿង ដោយក្នុងនោះ ស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AD-9601 បានមកជួលបន្ទប់ស្នាក់នៅ។ ពេលនោះម្ចាស់ផ្ទះសំណាក់បានហុចសោបន្ទប់ឱ្យ បន្ទាប់មកអ្នកទាំង២ក៏បានឡើងទៅបន្ទប់បាត់។

ប្រភពដដែលបានបន្តថា លុះចូលបានត្រឹមតែ១ម៉ោង បុរសជាដៃគូរបស់ស្ត្រីរងគ្រោះ បានចេញពីបន្ទប់មកវិញ តែម្នាក់ឯង រួចក៏ទាញម៉ូតូរបស់ខ្លួនជិះចេញទៅបាត់។ ភ្លាមនោះ ក៏មានការសង្ស័យ គាត់ជាម្ចាស់ផ្ទះ ក៏ចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ស្រាប់តែប្រទះឃើញ ស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យ និងធ្វើកោសល្យវិច័យសព ហើយបានធ្វើការសន្និដ្ឋានថា ករណីនេះ អាចជាអំពើឃាតកម្ម សម្លាប់ប្លន់យកទ្រព្យសម្បត្តិ ព្រោះតាមការអះអាងរបស់គ្រួសារស្ត្រីរងគ្រោះថា នៅលើខ្លួនសពមានលុយជាង២ពាន់ដុល្លារ ខ្សែក និងចិញ្ចៀនសរុបជិត២តម្លឹងមាសឯងណោះ តែទ្រព្យសម្បត្តិទាំងនោះបានអស់ហើយ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនជនដៃដល់ជាឃាតករ ដើម្បីនាំយកមកសាកសួរ និងផ្តន្ទាទោសតាមច្បាប់៕

