ខេត្តព្រៃវែង ៖ ទីបំផុត កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកងរាជអាវុធហត្ថខេត្តកណ្តាល បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពរឹកសម្លាប់ស្ត្រីម្នាក់ដែលមានប្តីទៅហើយនោះ នៅក្នុងផ្ទះសំណាក់យីហោរំចង់។ ការឃាត់ខ្លួនជនសង្ស័យនៅចន្លោះម៉ោង០៨ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ខណៈដែលពេលនេះកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រគល់ជនសង្ស័យឲ្យទៅកងរាជអាវុធហត្ថខេត្តព្រៃវែង សួរនាំនិងចាត់ការតាមច្បាប់។

គួរញ្ជាក់ថា ស្ត្រីម្នាក់ត្រូវបានប្រុសស្នេហ៍ល្បួងនាំឡើងផ្ទះសំណាក់រួមរ័កមេត្រី លុះបន្ទាប់ពីរួមរ័ករួច មិនដឹងជាមានបញ្ហាអ្វី ក៏ស្រាប់តែខាងប្រុសបែរជាធ្វើសកម្មភាពរឹតកសម្លាប់ស្រីស្នេហ៍របស់ខ្លួនចោល នៅក្នុងបន្ទប់ផ្ទះសំណាក់ រួចក៏ប្រញាប់ប្រញាល់ចុះពីបន្ទប់យ៉ាងតក់ក្រហល់ ធ្វើឱ្យម្ចាស់ផ្ទះសំណាក់នឹកសង្ស័យ ក៏ឡើងទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនិងសង្ស័យថា ជាករណីឃាតកម្មប្រុសស្នេហ៍រឹតកសម្លាប់សង្សារនេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ២០៧ ក្នុងផ្ទះសំណាក់យីហោ រំចង់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។

សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ផៃ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិ ព្រែកបាក់ ឃុំទម្លាក់ ស្រុកលើកដែក ខេត្តកណ្តាល។ ស្ត្រីរងគ្រោះមានប្តីរួចទៅហើយ ដោយប្តីរបស់នាង គឺជាមន្ត្រីអាវុធហត្ថស្រុកលើកដែក តែមិនដឹងជាយ៉ាងម៉េច បែរជាស្ត្រីរងគ្រោះលួចទាក់ទងស្នេហាជាមួយសហាយ ដែលបុរសសង្ស័យជាឃាតករសម្លាប់នាងទៅវិញ។

ចំពោះករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា កើតឡើងដោយសារតែមូលហេតុអ្វីនោះទេ ប៉ុន្តែមានការសន្និដ្ឋានថា ឃាតករគឺជាប្រុសស្នេហ៍របស់ស្ត្រីរងគ្រោះ ដែលមកជួលបន្ទប់ដេកជាមួយគ្នា ហើយបានចេញទៅវិញបាត់ មុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងប្រមាណជាង១០នាទី។

តាមប្រភពពីម្ចាស់ផ្ទះសំណាក់រំចង់ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ គេឃើញស្ត្រីរងគ្រោះ រួមជាមួយនឹងបុរសម្នាក់ជិះម៉ូតូម្នាក់១គ្រឿង ដោយក្នុងនោះ ស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AD-9601 បានមកជួលបន្ទប់ស្នាក់នៅ ដោយប្រាប់ថា ជួល១ម៉ោងរួមដំណេក បន្ទាប់មកបុគ្គលិកផ្ទះសំណាក់ ក៏បានហុចសោបន្ទប់លេខ២០៧ ទៅឱ្យអ្នកទាំង២ ហើយអ្នកទាំង២ ក៏បានឡើងទៅសម្ងំក្នុងបន្ទប់បាត់ទៅ ហើយក៏មិនដឹងថា មានរឿងអ្វីកើតឡើងនោះដែរ។ រហូតរយៈពេល១ម៉ោងក្រោយមក ក៏ឃើញបុរសជាដៃគូរបស់ស្ត្រីរងគ្រោះ បានចេញពីបន្ទប់មកវិញតែម្នាក់ឯង រួចក៏ទាញម៉ូតូរបស់ខ្លួនជិះចេញទៅ ទាំងអាកប្បកិរិយាប្រញាប់ប្រញាល់ និងដូចជាភ័យស្លន់ស្លោទៀតផង។ ភ្លាមនោះ ដោយមានការសង្ស័យ គាត់ជាម្ចាស់ផ្ទះ ក៏ចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ក៏ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងបានពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅក្បែរសាកសពស្ត្រីរងគ្រោះ មានកាបូបស្ពាយ១ ដែលក្នុងនោះ មានក្រដាសប៉ុន្មានសន្លឹក រួមជាមួយនឹងស៊ីមទូរសព្ទ័ ចំនួន១។ ចំណែកនៅលើដងខ្លួនសពរបស់ស្ត្រីរងគ្រោះ មានស្លាកស្នាមរឹតដោយខ្សែអ្វីមួយ ត្រង់បំពង់ក។ តាមការសន្និដ្ឋានជាជំហានដំបូង ករណីនេះអាចជាអំពើឃាតកម្ម សម្លាប់ប្លន់យកទ្រព្យសម្បត្តិ ព្រោះតាមការអះអាងរបស់គ្រួសារស្ត្រីរងគ្រោះថា នៅលើខ្លួនសពមានលុយជាង២ពាន់ដុល្លារ ខ្សែក និងចិញ្ចៀនសរុប ជិត២តម្លឹងមាសឯណោះ តែក្រោយកើតហេតុ ទ្រព្យសម្បត្តិទាំងនោះ បានបាត់ពីខ្លួនសពអស់គ្មានសល់។

យ៉ាងណា ចំពោះព័ត៌មាននេះ អ្នកសារព័ត៌មាននឹងផ្សាយជូនលម្អិតពីដើមចមដែលនាំឲ្យជនសង្ស័យប្រព្រឹត្តអំពើឃាតកម្មនេះ៕