ខេត្តកំពង់ឆ្នាំង ៖ យុវជនបាននិយាយទូរស័ព្ទសាសងជាមួយស្រីស្នេហ៍កណ្តាលវាលស្រែ ពេលនោះមេឃក៏មានភ្លៀង ធ្លាក់ លាយឡំនឹងផ្គររន្ទះទៀតផង ស្រាប់តែត្រូវរន្ទះបាញ់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចម្តុំត្នោតគម ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

យុវជនរងគ្រោះមានឈ្មោះមាស សារុន អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌។ ចំណែក យុវជនរងគ្រោះ២នាក់ទៀត ដែលពេលកើតហេតុនៅក្បែរជនរងគ្រោះដល់ស្លាប់នោះ ក៏ត្រូវរន្ទះបាញ់ផងដែរ គ្រាន់តែសន្លប់ប្រហែល៥នាទី ក៏ដឹងខ្លួនឡើងវិញ។ យុវជនរងគ្រោះទាំ២នាក់នោះ មានលំនៅក្នុងភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជនរងគ្រោះ រួមនឹងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាចេញទៅច្រូតស្រូវ បន្ទាប់មក យុវជនរងគ្រោះបានចុចទូរស័ព្ទទៅរកសង្សារ និយាយសាសងគ្នា ពេលនោះស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង ឃើញបែបនេះ យុវជនជាមិត្តភក្តិ២នាក់ដែលកំពុងនៅក្បែរគ្នានោះ បានប្រាប់ជនរងគ្រោះឱ្យឈប់និយាយទូរស័ព្ទទៀតទៅ ព្រោះមេឃធ្លាក់ភ្លៀងខ្លាំងណាស់ ប៉ុន្តែជនរងគ្រោះមិនព្រមស្តាប់។ ពេលនោះ ក៏មានរន្ទះបាញ់លាន់ឮយ៉ាងកក្រើក និងបានបាញ់ចំជនរងគ្រោះ បណ្តាលឱ្យដេកដួលស្លាប់នៅនឹងកន្លែងគួរឱ្យរន្ធត់។

ប្រភពបានឱ្យដឹងទៀតថា ចំណែកយុវជនជាមិត្តភក្តិ២នាក់ដែលនៅក្បែរគ្នានោះ ក៏បានដួលសន្លប់បាត់មាត់ដែរ តែរយៈពេលប្រមាណ៥នាទីក្រោយមក នៅពេលដែលមានអ្នកភូមិចូលទៅជួយលើក គក់ច្របាច់ ក៏ដឹងខ្លួនឡើងវិញ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅផ្ទះ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕