Saturday, November 15, 2025
Homeព័ត៌មានជាតិរត់តាមស្រីថ្មី ប្រពន្ធហៅមកដោះស្រាយបញ្ចប់ស្នេហ៍... បុរសជាប្តីមិនមែនជាទីប្រឹក្សាសម្តេច ស ខេង នោះទេ

រត់តាមស្រីថ្មី ប្រពន្ធហៅមកដោះស្រាយបញ្ចប់ស្នេហ៍… បុរសជាប្តីមិនមែនជាទីប្រឹក្សាសម្តេច ស ខេង នោះទេ

បន្ទាប់ពីសារព័ត៌មាន “នគរធំ” ចេញផ្សាយអត្ថបទមួយ មានចំណងជើងថា “ប្ដីទីប្រឹក្សាសម្ដេចស ខេង រត់តាមស្រីថ្មី ប្រពន្ធហៅ​មកដោះស្រាយបញ្ចប់ស្នេហ៍” ចេញផ្សាយ​នៅថ្ងៃ​សុក្រ​ ទី១០ ខែឧសភា ឆ្នាំ២០១៩ លេខ២០២៧ មក លេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើការ​បដិសេធចំពោះព័ត៌មានខាងលើ ដោយបានបញ្ជាក់ថា​ លោកហេង ពិសិដ្ឋ មិនមានឈ្មោះជាទីប្រឹក្សាសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ អាណត្តិ​ទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា នេះទេ។

គួរបញ្ជាក់ថា ស្ត្រីរូបស្រស់ម្នាក់ បានប្រកាសតាមហ្វេសប៊ុកហៅប្តីដែលជាមន្ត្រីនគរបាល ពាក់ស័ក្តិ៤កន្លះ និងជាទីប្រឹក្សាសម្តេច ស ខេង ឱ្យចូលខ្លួនមកដោះស្រាយបញ្ចប់ស្នេហ៍ឱ្យបានដាច់ស្រេច ខណៈដែលបុរសជាប្តីបានបែកចិត្តមានស្រីថ្មី ចុះចោលប្រពន្ធកូន ដោយគ្មានស្រណោះដល់កូនស្រីតូច ដែលយំសួររកប៉ា មិនឈប់។

ស្ត្រីដែលប្រកាសហៅប្តីឱ្យចូលខ្លួនដោះស្រាយ រឿងមានស្រីថ្មី ចុះចោលប្រពន្ធកូននេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Da Ly។ ចំណែកបុរសជាប្តី ត្រូវស្ត្រីជាប្រពន្ធបង្ហោះទាំងរូប និងតួនាទីការងារ មានឈ្មោះហេង ពិសិដ្ឋ ជាមន្ត្រីនគរបាល មានឋានន្តរស័ក្តិវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ) និងមានមុខងារជាទីប្រឹក្សាសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ស្ត្រីជាប្រពន្ធបានសរសេរក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “នាងខ្ញុំនិងកូន សុំស្នើសុំលោកហេង ពិសិដ្ឋ ចេញមុខនិយាយជាមួយខ្ញុំ ដោះស្រាយឱ្យខ្ញុំនិងកូន និងខ្ញុំផ្តាំទៅមនុស្សស្រីដែលគ្មានបេះដូង ឆក់ប្តីខ្ញុំ ពង្រាត់ប៉ាចេញពីកូនខ្ញុំ ទុកឱ្យគ្នាសង្វេគ នឹកប៉ា ស្រែករកប៉ារហូតដល់ឈឺ ពួកអ្នកឯងសាហាវ ខ្លូនជាមនុស្សចិត្តមិនស្មើនឹងសត្វ ខ្ញុំជាមនុស្សស្រីធម្មតា មិនដែលទៅ រុករានពួកអ្នកឯងទេ ខ្ញុំទ្រាំឈឺចាប់ក្រសោប ឱបកូននឹងដៃ ទាំងដង្ហើមខ្ញុំស្ទើរផុតទៅហើយ ខ្ញុំព្រមដើរចេញ មិនប្រជែងដណ្តើមជាមួយទេ តែពួកអ្នកឯងទេ ហើយមើលមុខខ្ញុំឱ្យច្បាស់ ខ្ញុំមិនថោកទាប ដើររុករានធ្វើបាបគេ ដណ្តើមប្រុសម្នាក់ជាមួយអ្នកណាទេ គ្មានតម្លៃសម្រាប់ខ្ញុំ អ្នកឯងចង់បានណាស់ យកទៅខ្ញុំលើកឱ្យ តែស្តាប់ឱ្យច្បាស់ ខ្ញុំផុស គឺខ្ញុំទាមទារយកលុយម៉ែ កូនខ្ញុំ សុំយកលុយញើសឈាមខ្ញុំ ឱ្យខ្ញុំវិញចប់…”។

ដោយឡែក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នេះ ស្ត្រីជាប្រពន្ធដដែលបានបង្ហោះវីដេអូឃ្លីប ដែលបង្ហាញពីសម្តីកូនស្រី កំពុងស្រែកដង្ហោយរកឪពុក ជាមួយសំណេរក្នុងគណនីហ្វេសប៊ុកដដែលថា “បើអ្នកជាម្តាយ អ្នកនឹងយល់ទ្រូង ម្តាយអាសូរ កូនស្រែករកប៉ា ទ្រូងជាម្តាយឈឺ ហួសនឹងថ្លែង ព្យាយាមញញឹមតតាំងនឹងចិត្ត ឈឺចាប់ សម្រែកកូនស្រីសួររកឪពុក ទ្រូងម្តាយឈឺដូចគេហែក រយលានចមៀក អ្នកណាអាចយល់ស្នាមញញឹម ម្តាយម្នាក់នេះ ឈឺកម្រិតណា…”។

ស្ត្រីដែលបានសរសេរបន្ថែមថា “ប៉ាម្នាក់ដែលផ្តល់កំណើតឱ្យកូនបង្កើតគ្នាមក គ្មានភាពជាប៉ា អាត្មានិយម ចោលកូនដែលភ្នែកខ្មៅៗ មិនដឹងរឿងអីឱ្យរងកម្ម ប៉ាអាត្មានិយម ចោលកូនបង្កើតឈាមទាំងដុំ មិនស្មើនឹងសត្វ ទោះសត្វក៏វាស្រលាញ់ ឱបក្រសោបកូនវាដែរ តែមនុស្សខ្លះវិញ…”។…”អ្វីៗមិនស្មើកូន ម្តាយម្នាក់នេះ អាចលះបង់បានគ្រប់យ៉ាងដើម្បីកូន ម្តាយកូនយើង៤នាក់ សន្យាកាន់ដៃម៉ែកូនមិនចោលគ្នា ទោះលំបាកហត់ទាំងចិត្តហត់ទាំងកាយក៏ដោយ គឺសួរម្តាយ សួរមិនបោះបង់ចោលកូនជាដាច់ខាតណាកូន…”។

ស្ត្រីជាគណនីហ្វេសប៊ុកដដែល បានសរសេរបន្ថែមទៀតថា “តើឯណាទៅពាក្យសន្យាថា មើលថែអូននឹងកូន កាលគ្រាក្រ បងស្រលាញ់ស្មោះនឹងអូនណាស់ បានខ្ពស់មុខ ចិត្តបងប្រែ ផ្លាស់ក្រឡាស់ បោះបង់ចោលប្រពន្ធកូន ពាក្យសន្យា ពាក្យស្បថ សច្ចាថាមិនក្បត់អូននិងកូន បងសន្យាថា នឹងមើលថែផ្តល់អនាគតឱ្យកូន កាន់ដៃអូននិងកូន លុះដង្ហើមចុងក្រោយ ទោះយ៉ាងណា ក៏បងមិនបោះបងចោលអូននិងកូន ប្តីនិងប៉ា ដែលស្រលាញ់ប្រពន្ធកូន សន្យាគ្រប់យ៉ាង តើពេលនេះ ប្តីនិងប៉ាបាត់ទៅណាហើយ? បងបំភ្លេចគ្រប់ពាក្យសន្យា ពាក្យសម្បថស្បថសច្ចាឱ្យអូន និងកូន បងបំភ្លេចចោល ព្រោះតែស្រីផ្សេង ស្ទើរតែមិនជឿ បងហ៊ានប្រហារអូន និងកូនពេលនេះ យើងអស់និស្ស័យនឹងគ្នាហើយ សុំប្រគល់អ្វីដែលជារបស់ខ្ញុំនិងកូន ឱ្យមកខ្ញុំនឹងកូនមក កុំបង្ខំឱ្យខ្ញុំធ្វើអ្វីឱ្យលើសជាងនេះ ហើយសុំឱ្យស្រីដែលគ្មានបេះដូង ឈប់រំខានការរកស៊ីខ្ញុំទៀត ខ្លូនជាមនុស្ស កុំចិត្តមិនស្មើនឹងសត្វ…”។

ដោយឡែក គណនីហ្វេសប៊ុកឈ្មោះ ម៉ាលី លក់សំលៀកបំពាក់ និងកាបូប ដែលជារបស់ស្ត្រីជាប្រពន្ធខាងលើផងដែរនោះ ក៏បានបង្ហោះសារមួយផងដែរ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដែលមានខ្លឹមសារថា “ស្ទើរនឹងស្លាប់ ព្រោះតែឈឺចាប់ប្តីក្បត់មានថ្មី តែខំរស់ ព្រោះមិនចង់មានឈ្មោះស្លាប់ទៅអត់ន័យ ឃើញខ្ញុំសើច ឃើញខ្ញុំងើបឈរ គិតថាខ្ញុំមិនចេះឈឺទេ ឈឺដូចគ្នាក្នុងនាមភរិយា ស្រីមកបញ្ឈឺចិត្ត តែខំប្រឹងទ្រាំ តែការទ្រាំមានកំណត់ ប្រពន្ធដែលស្លូត ស្រលាញ់គោរពប្តី ប្តីបានសម្លាប់ឱ្យស្លាប់បាត់ហើយ ២១.៤.២០១៩ មនុស្សស្រីដែលរស់នៅនេះ គឺប្តូរហើយ មិនទ្រាំឱ្យស្រីល្មោភនឹងតណ្ហា មកជាន់ទៀតទេ ម៉ែកូនខ្ញុំនៅដោយម៉ែ កូនខ្ញុំ ពួកអ្នកឯងនៅដោយពួកអ្នកឯង បើមករុករាន ខ្ញុំនឹងតបត មិនដូចមុនទេ ចាំទុកក្នុងខួរក្បាលទៅ…”។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវស្នេហាដ៏ចម្រូងចម្រាស់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកហេង ពិសិដ្ឋ ដែលទទួលរងការចោទប្រកាន់ពីប្រពន្ធ ថាកំពុងរត់តាមស្រីថ្មី ចោលប្រពន្ធកូននោះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕​

RELATED ARTICLES