ភ្នំពេញ៖ បន្ទាប់ពីបន្តការសាកសួរលើករណី កញ្ញាយិន ម៉ាណា បើករថយន្តទំនើបបុកនិស្សិតស្រី ឆ្នាំទី៤ម្នាក់ ស្លាប់ លោកអ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ និងលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានសម្រេចលើកសវនាការ ដោយមិនកំណត់ពេល។

ការនាំខ្លួនចូលតុលាការជាលើកទី២នេះ ក្រោយពីលោកប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាឃុំខ្លួនជនជាប់ចោទឈ្មោះ យិន ម៉ាណា ជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កញ្ញាយិន ម៉ាណា បានបើករថយន្តទំនើបម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 មួយគ្រឿង ទើបចេញពីហាងបុកល្ហុងមួយកន្លែង បានបើកបរយ៉ាងលឿន ជ្រុលទៅនិស្សិតស្រីឆ្នាំទី៤ម្នាក់ ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ហេតុការន៍នេះកើតឡើងនៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

និស្សិតស្រីដែលស្លាប់បាត់បង់ជីវិត មានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាសិស្សពូកែទូទាំងប្រទេស ខាងអក្សរសាស្រ្តខ្មែរ ហើយខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានអាហារូបករណ៍នៅសាលាផារ៉ាហ្គន។

បន្ទាប់មក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច រាជធានីភ្នំពេញ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់៕

