ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ក៏បានលបឡើងផ្ទះ១កន្លែង ដែលគេសាងសង់មិនទាន់រួចរាល់នៅឡើយ ស្រាប់តែអកុសល រអិលជើងធ្លាក់បាក់កស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះកំពុងសាងសង់១កន្លែង ស្ថិតនៅខាងក្រោយវត្តតាំងកសាងខាងជើង ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលផឹកស្រវឹង លបឡើងផ្ទះគេ បែរជាធ្លាក់បាក់កស្លាប់ មានឈ្មោះអ៊ុំ វុទ្ធី អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្តដឹកគ្រឿងសំណង់តាមដេប៉ូ ស្នាក់នៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តាមសម្តីបុរសឈ្មោះយ៉ាន់ ផល្លា អាយុ៣៨ឆ្នាំ មុខរបរជាងសំណង់ការដ្ឋានទល់មុខផ្ទះកើតហេតុខាងលើ និងត្រូវជាមិត្តភ័ក្តិផឹកស៊ីជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះធ្លាប់មកផឹកស៊ីជាមួយគាត់ជាញឹកញយ ដោយបានផឹកស៊ីនៅការដ្ឋានសាងសង់ទល់មុខផ្ទះកើតហេតុខាងលើ។ លុះមកដល់យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ពួកគាត់ក៏បានផឹកស៊ីជុំគ្នាជាមួយបុរសខាងលើម្តងទៀត លុះផឹកស៊ីរួចហើយ នៅវេលាម៉ោង១០យប់ថ្ងៃដដែល គាត់ឃើញជនរងគ្រោះចេញទៅបត់ជើងតូច បន្ទាប់មកឃើញជនរងគ្រោះបានឡើងលើផ្ទះ កំពុងសាងសង់មួយល្វែងមាន២ជាន់ ស្ថិតនៅទល់មុខគ្នា ដែលពុំមានមនុស្សនៅ (ចាក់សោរចោល) លុះឃើញបែបនេះ គាត់ក៏បានស្រែកសួរថា “ឯងឡើងធ្វើអី តិចគេឃើញ?”។ តែជនរងគ្រោះមិនព្រមមាត់ នៅតែបន្តឡើងដដែល ចំណែកគាត់ក៏ត្រឡប់ចូលទៅរកកន្លែងដេក ក្នុងការដ្ឋានវិញបាត់ទៅ។

ប្រភពដដែលបន្តថា លុះមកដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសផា ឆ្នាំ២០១៩ គាត់បានភ្ញាក់ដឹងខ្លួន ក៏ប្រទះឃើញម៉ូតូជនរងគ្រោះនៅក្នុងការដ្ឋានរបស់គាត់នៅឡើយ តែមិនចាប់អារម្មណ៍មើលជនរងគ្រោះទេ។ បន្ទាប់មកគាត់ងើបលើកក្រោយ មិនបានឃើញជនរងគ្រោះ ក៏បានចេញមកខាងក្រៅ ហើយស្រែករក តែមិនឮឆ្លើយតបសោះ។ លុះដល់វេ់លាម៉ោង២រំលងអធ្រាត្រ ពេលគាត់ភ្ញាក់ដឹងខ្លួនម្តងទៀត នឹកឃើញថា ជនរងគ្រោះឡើងផ្ទះកើតហេតុខាងលើ ទើបគាត់ក៏បានឡើងទៅខាងលើផ្ទះកើតហេតុខាងលើ ដើម្បីរកជនរងគ្រោះ ស្រាប់តែប្រទះឃើញជនរងគ្រោះ បានរអិលថាសជណ្តើរធ្លាក់បាក់កស្លាប់បាត់ទៅហើយ ទើបគាត់បានជិះម៉ូតូជនរងគ្រោះ ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ដោយឡែក តាមសម្តីម្ចាស់ផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា ផ្ទះរបស់គាត់បានជួលជាងសាងសង់ជាច្រើនខែមកហើយ តែមិនទាន់រួច ដោយកម្លាំងកម្មករមិនមកធ្វើ ហើយកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ដោយសារតែខឹងនឹងក្រុមជាងធ្វើផ្ទះពេក ទើបគាត់បានបណ្តេញជាងទាំងនោះឱ្យចេញអស់ តាំងពីក្បាលល្ងាច រួចក៏ចាក់សោផ្ទះចោល ព្រោះកន្លងមក ផ្ទះរបស់គាត់តែងតែបាត់របស់របរជាច្រើនលើកមកហើយ ស្រាប់តែព្រឹកឡើង គាត់ក៏ទទួលបានដំណឹងថា មានមនុស្សបានលួចផ្លោះចូលផ្ទះគាត់ ហើយបានធ្លាក់បាក់កស្លាប់បែបនេះតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ សហការជាមួយកម្លាំងជំនាញបានចុះពិនិត្យ និងេធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាធ្លាក់បាក់កស្លាប់ប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារដឹកបញ្ជូនទៅកាន់ស្រុកកំណើត ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕