Saturday, November 15, 2025
Homeព័ត៌មានជាតិបេប៊ី ចង់បានវីឡាធំប៉ុនមេឃ

បេប៊ី ចង់បានវីឡាធំប៉ុនមេឃ

“មនុស្សឯណាមានមហិច្ឆតាឆ្អែតឆ្អន់ទៅបង បានប៉ុណ្ណឹងហើយ ចង់បានឱ្យធំជាងនេះទៀត”។ នេះជាការអះអាងរបស់ម្ចាស់បទ “អំណាចលុយ”តារាច្រៀងផលិតកម្មថោន កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី ។

វាចារបស់ស្រីស្អាត បេប៊ី នៅពេលនេះ នៅក្នុងខួបកំណើតគម្រប់វ័យ២២ឆ្នាំ របស់ស្រីស្អាតនេះ ដែលរៀបចំជប់លៀងកាលពីថ្ងៃទី០១ ខែឧសភា ហើយតារាសាច់សខ្ចីដូចបណ្តូលចេករូបនេះ ថាក្តីបំណងធំរបស់នាងក្នុងមួយជីវិតនេះ គឺមានតែមួយគត់ដែលមិនទាន់បានសម្រេចនោះ គឺ “ផ្ទះវីឡាធំស្កឹមស្កៃ ឬអាចហៅបានថា ធំប៉ុនមេឃ”។

ប៉ុន្តែ បេប៊ី មិនបញ្ជាក់ថា បើនាងមានផ្ទះវីឡាក្នុងក្តីស្រមៃនោះហើយ តើនាងចង់ទៅរស់នៅតែម្នាក់ឯង ឬមួយជាមួយគូស្នេហ៍ឡើយ។

ទោះជាបេប៊ី វាចាថា ចង់បានវីឡាក្នុងក្តីសុបិន ដើម្បីគេងឱ្យបានស្កប់ស្កល់ គ្មានអ្នកណាមករំខានក្តី តែតាមព័ត៌មានថា ពេលនេះ រចនាពេជ្រ មិនមែនរស់នៅផ្ទះល្វែងទៀតទេ គឺនាងទិញវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េងហួត (បឹងស្នោ) ប៉ុន្តែនៅពេលសាកសួររឿងនេះ ស្រីស្អាតបេប៊ី និងម្តាយរបស់នាង អ្នកស្រីប៊ុន ណារី មិនចង់អត្ថាធិប្បាយឡើយ។

បេប៊ី បានផ្អាកសម្តែងភាពយន្ត ដោយពេលនេះ នៅចាប់អាជីព២ដំណាលគ្នា គឺការងារពិធីការិនីនៅទូរទស្សន៍ CTN និងជាតារាចម្រៀងមានកុងត្រារបស់ផលិតកម្មថោន តែរចនាពេជ្រ នៅមិនទាន់ចេញបទចម្រៀងមួយណាផ្ទុះឡើយ។

ក្នុងខួបវ័យ២២ឆ្នាំនោះ បេប៊ី អះអាងថា នាងមិនទាន់ចង់បានប្តីទេ ព្រោះនាំតែជាប់ដៃជាប់ជើង រំខានដល់ការងារសិល្បៈរបស់នាង ខណៈដែលម្តាយរបស់បេប៊ី និយាយថា កូនស្រីរបស់គាត់ពេលនេះ ពិបាកជ្រើសរើសគូស្រករ ព្រោះ “អ្នកក្រមិនហ៊ាន អ្នកមានមិនចូល”៕

RELATED ARTICLES