ភ្នំពេញ៖ សាឡង់ដឹកប្រេងមួយគ្រឿង របស់ក្រុមហ៊ុនសាវីម៉ិច បានផ្ទុះឆេះកណ្តាលទន្លេ បណ្តាលឲ្យមនុស្សម្នាក់បាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចដែលចេញអន្តាគមន៍ជួយសង្គ្រោះ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងករណីផ្ទុះឆេះសាឡង់ប្រេងនេះ មានមនុស្សម្នាក់បានរងរបួស និងម្នាក់ទៀត កំពុងបាត់ខ្លួន ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការសង្គ្រោះភ្លាមៗផងដែរ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះដែរ អាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងអូប័របាញ់ទឹករបស់ការិយាល័យជើងទឹកផងដែរ។ ចំណែកការខូចខាតវិញ ត្រូវបានគេប៉ាន់ប្រមាណជាបឋមថា មានប្រេងប្រមាណ៣០ម៉ឺនលីត្រ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។

សមត្ថកិច្ចបានបញ្ជាក់បឋមថា អគ្គិភ័យនេះទំនងជាកើតចេញពីការឆ្លងចរន្តភ្លើង ប៉ុន្តែសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវរកមូលហេតុចម្បងដែលផ្តើមឲ្យមានាករផ្ទុះឆេះនេះ៕


